ខេត្តតាកែវ៖ ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលជាគម្រោងផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល គិតទឹកប្រាក់ជាង១៦ មុឺនដុល្លារ និងហិរញ្ញប្បទានឥតសំណង១០០% លើការកែលម្អផ្លូវកសិកម្មធ្វើពីបេតុង-កៅស៊ូ មានប្រវែងសរុប ៥,៥គីឡូម៉ែត្រ និងប្រព័ន្ធស្រោចស្រពបំពាក់ទុយោចែកចាយទឹកលើផ្ទៃដីដាំដុះចំនួន ១១៥០ហិកតា ដែលគ្រោងចំណាយថវិកាប្រហែល ៤,២ លានដុល្លារអាមេរិក។
កិច្ចព្រមព្រៀងនេះជាផ្នែកមួយដ៏សំខាន់ជួយសម្រួលដល់សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ដែលកំពង់ជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ខ្វះដើមទុនក្នុងការពង្រីកអាជីវកម្ម, ចំណេះដឹងនៅមានកម្រិតក្នុងការធ្វើផែនការផលិតកម្មឱ្យស្របតាមតម្រូវការទីផ្សារ មានបទពិសោធន៍តិចតួចលើបច្ចេកទេសផលិតកម្មបន្លែសុវត្ថិភាពស្របតាមបទដ្ឋានបច្ចេកទេសកសិកម្មពេញលេញ មានដូចជាការការពារកត្តាសត្វចង្រៃ ការប្រើប្រាស់ជីគីមី ការផលិតជីកំប៉ុស ការអនុវត្តកសិកម្មល្អ (GAP) និងការផលិតបន្លែសុវត្ថិភាព, ការប្រកួតប្រជែងតម្លៃទីផ្សារ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ កិច្ចព្រមព្រៀងនេះដែរនឹងអាចដោះស្រាយបញ្ហារាំងស្ទះមួយចំនួន តាមរយៈការផ្តល់មូលនិធិចាំបាច់ និងការគាំទ្រផ្នែកបច្ចេកទេសសំដៅដោះស្រាយឧបសគ្គខាងលើ។
ឯកឧត្តម ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា «នេះគឺជាការវិនិយោគសាធារណៈក្នុងទ្រង់ទ្រាយធំមួយពីសំណាក់រាជរដ្ឋាភិបាល ចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ដែលបានបង្ហាញពីការប្តេជ្ញាចិត្តឈរជើងរឹងមាំយូរអង្វែង នៅលើទីតាំងយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការ «ត្រី-វិស័យ» រវាងសហគមន៍កសិកម្មទំនើបនៃក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹកនៃក្រសួងធនធានទឹក និងគម្រោងភូមិគំរូនៃក្រសួងអភិវឌ្ឍន៍ជនបទ។ ជឿជាក់ថា បងប្អូនកសិករជាច្រើនពាន់គ្រួសារនៅក្នុងតំបន់នេះនឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ផង ប្រយោលផង ពីការវិនិយោគដ៏មានអត្ថន័យមួយនេះ។»
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង CASDP/MAFF ជាមួយ លោក អ៊ុន អឿន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅទីស្នាក់ការសហគមន៍នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ អញ្ជើញចូលរួមធ្វើជាសាក្សីក្នុងកិច្ចព្រមព្រៀងរួមមាន ប្រធានគម្រោង CASDP តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ក្រសួងធនធានទឹក និងឧតុនិយម (MoWRAM) និងក្រសួងអភិវឌ្ឍន៍ជនបទ (MRD) មន្ត្រីនៃអង្គភាពអនុវត្តគម្រោង សមាជិក សមាជិកា អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍កសិកម្មប្រហែល៥០នាក់។