នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤0% ដល់សហគមន៍កសិកម្មរីកចំរើនទួលអំពិល នៅសាលាឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
កិច្ចព្រមព្រៀងនេះ បានជួយដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលសហគមន៍កំពង់ជួបប្រទះ ដូចជា ខ្វះខាតថវិកាសម្រាប់កែលម្អកន្លែងស្តុកបន្លែ និងពង្រីកអាជីវកម្មតាមរយៈការសាងសង់ផ្ទះសំណាញ់ ខ្វះខាតបច្ចេកទេសដាំដុះបន្លែសុវត្ថិភាព, ស្ថានភាពផ្លូវកសិកម្មមានការលំបាក, តម្លៃផលិតផលនៅលើទីផ្សារមានការប្រែប្រួល, ខ្វះចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ថុ និងគ្រប់គ្រងសហគមន៍ និងខ្វះទុនដើម្បីពង្រីកអាជីវកម្ម។ល។
កិច្ចព្រមព្រៀងនៅថ្ងៃនេះដែរ មានគោលបំណងគាំទ្រការពង្រីកផែនការធុរកិច្ចរបស់សហគមន៍កសិកម្មរីកចំរើនទួលអំពិល ដែលមានសមាជិកក្រុមផលិតចូលរួមចំនួន៤៧ គ្រួសារ ដែលបានធ្វើផែនការសាងសង់ផ្ទះសំណាញ់ចំនួន៣១ ខ្នង។
តាមផែនការសមាជិកក្រុមផលិត និងសហគមន៍នឹងទទួលបានប្រាក់ចំណេញជាទឹកប្រាក់ជាមធ្យម ៣២៩ ៦០២ ដុល្លារអាមេរិក សម្រាប់រយៈពេល៣ ឆ្នាំ ក្នុងបរិមាណជាមធ្យម ១.២៥២ តោន សម្រាប់រយៈពេល៣ ឆ្នាំដូចគ្នា ដើម្បីបំពេញតម្រូវការទីផ្សារ។
សហគមន៍កសិកម្មគ្រោងថវិកាសរុបចំនួន១២៦ ៨៧៧ ដុល្លារអាមេរិក សម្រាប់ផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ចំនួន៣១ខ្នង ក្នុងនោះថវិកាបដិភាគ៤០% ផ្តល់ដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា ចំនួន៧៧ ៤០១ ដុល្លារអាមេរិក។ ក្រៅពីនេះ សហគមន៍ទទួលបានការគាំទ្រ១០០% លើការស្តារប្រព័ន្ធស្រោចស្រពដែលថវិកាចំនួន ២០៤ ០០០ ដុល្លារអាមេរិក, និងថវិកាចំនួន១.៤ លានដុល្លារអាមេរិកសម្រាប់កែលម្អផ្លូវកសិកម្មធ្វើពីបេតុងចំនួន៧,២០ គ.ម ដែលជាជំនួយឥតសំណង១០០% របស់គម្រោង។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង និងជាតំណាង ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង CASDP/MAFF ជាមួយ លោកស្រី ប៉ោ ម៉ុម ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មរីកចំរើនទួលអំពិល ដោយមានការអញ្ជើញចូលរួមធ្វើជាសាក្សីពីប្រធានគម្រោង CASDP តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ក្រសួងធនធានទឹក និងឧតុនិយម (MoWRAM) និងក្រសួងអភិវឌ្ឍន៍ជនបទ (MRD) មន្ត្រីនៃអង្គភាពអនុវត្តគម្រោង សមាជិក សមាជិកា អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍កសិកម្មប្រហែល១០០នាក់ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានោះ។