នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤0% ដល់សហគមន៍កសិកម្មស្រ្តីសាមគ្គីពានីរុងរឿង នៅភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
កិច្ចព្រមព្រៀងនេះ ផ្តោតលើការកែលម្អខ្សែសង្វាក់ផលិតកម្មជ្រូករបស់សហគមន៍កសិកម្មសម្រាប់ការនាំចេញទៅកាន់ទីផ្សារ សំដៅជំរុញកំណើនសេដ្ឋកិច្ចសហគមន៍ និងមូលដ្ឋាន។
ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារមានភាពងាយរងគ្រោះខ្ពស់ចំពោះតម្លៃទីផ្សារទាប ដោយសារការប្រកួតប្រជែងពីជ្រូកនាំចូល និងកសិដ្ឋានឯកជនធំៗ ជាពិសេសពូជដែលផលិតដោយកសិករដែលបានចំណាយដើមទុនច្រើន និងខ្វះផែនការវិនិយោគ និងធាតុចូលផលិតកម្មខ្ពស់។
កិច្ចព្រមព្រៀងថ្ងៃនេះ បានធ្វើឡើងឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកសិករជាសមាជិកសហគមន៍កំពុងជួបប្រទះ ដូចជាតម្លៃផលិតកម្មខ្ពស់ តម្លៃជ្រូករស់ទាបដែលកំណត់ដោយឈ្មួញកណ្តាល ការប្រកួតប្រជែងជាមួយផលិតផលនាំចូល និង កង្វះធនធានដើម្បីពង្រីកផលិតកម្ម។ ទាំងនេះ ជាដើមចមធ្វើអោយសហគមន៍កសិកម្មមិនអាចសម្រេចបាននូវផលិតកម្មដែលមានស្ថេរភាព និងប្រកួតប្រជែងជាមួយទីផ្សារធំៗបាន។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង CASDP/MAFF ជាមួយ លោក បាន ធី ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មស្រ្តីសាមគ្គីពានីរុងរឿង ដោយមានការអញ្ជើញចូលរួមធ្វើជាសាក្សីពីប្រធានគម្រោង CASDP តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ក្រសួងធនធានទឹក និងឧតុនិយម (MoWRAM) និងក្រសួងអភិវឌ្ឍន៍ជនបទ (MRD) មន្ត្រីនៃអង្គភាពអនុវត្តគម្រោង សមាជិក សមាជិកា អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍កសិកម្មប្រហែល៣០នាក់។