ការកែលម្អបច្ចេកទេសប្រព័ន្ធស្រោចស្រពខ្នាតតូច បានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់កសិករខ្នាតតូចនៅក្នុងតំបន់ដែលទទួលរងគ្រោះរាំងស្ងួត។ ប្រព័ន្ធស្រោចស្រពទាំងនេះបានផ្តល់ទឹកគ្រប់ពេលវេលា តាមកាលជាក់ស្តែងពេញមួយវដ្តដំណាំ ការបង្ករបង្កើនផល ជាមួយគ្នានេះបានបង្កើនប្រាក់ចំណេញ តាមរយៈការរក្សាទឹកទុកប្រើប្រាស់ រក្សាដីឱ្យមានជីជាតិ និងធនធានផ្សេងទៀត។
នៅថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម (MoWRAM) ដែលជាអង្គភាពអនុវត្តគម្រោងសំខាន់មួយក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធបូមទឹកក្រោមដី ដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់សហគមន៍កសិកម្មព្រះរំកិល ស្ថិតនៅក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ការសាងសង់បានចាប់ផ្តើមនៅដើមខែកក្កដា ឆ្នាំ ២០២៤ ហើយត្រូវបានបញ្ចប់ដោយជោគជ័យនៅចុងខែមករា ឆ្នាំ ២០២៥។ ប្រព័ន្ធស្រោចស្រពក្រៅកសិដ្ឋានមានអណ្តូងទឹកក្រោមដីជម្រៅ ១១៧ ម៉ែត្រ បំពាក់ដោយម៉ាស៊ីនបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ២ ដែលអណ្តូងនីមួយៗអាចផ្គត់ផ្គង់ទឹកពី៦ ទៅ ៧ ម៉ែត្រគូបក្នុងមួយម៉ោង។ ក្រៅពីនេះមានសម្ភារៈមួយចំនួនទៀតដូចជា ប៉មទឹកបេតុង ដែលអាចផ្ទុកធុងចំនួន ៤ មានសមត្ថភាពផ្ទុកសរុប ៤០ ម៉ែត្រគូប (១០ ម៉ែត្រគូបក្នុងមួយធុង) និងបណ្តាញចែកចាយទឹកប្រវែង ៣00 ម៉ែត្រជុំវិញស្ថានីយ៍។
សមិទ្ធិផលដែលសម្រេចបានក្រោមគម្រោង CASDP បានដោះស្រាយបញ្ហាខ្វះខាតទឹកក្នុងវិស័យកសិកម្មប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងរដូវប្រាំង តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធស្រោចស្រព ការប្រើប្រាស់បច្ចេកទេសគ្រប់គ្រងកសិកម្មទំនើប និងការប្រើប្រាស់ឧបករណ៍កសិកម្មទំនើបៗ ដែលមានសក្ដានុពលសម្រាប់ការបង្កើនទិន្នផលលើកសិដ្ឋានខ្នាតតូច។ ការពង្រឹងប្រព័ន្ធស្រោចស្រពអាចឱ្យកសិដ្ឋានតូចៗមានលទ្ធភាពវិនិយោគលើបច្ចេកវិទ្យាប្រព័ន្ធស្រោចស្រពប្រកបដោយភាពច្នៃប្រឌិតជាលើកដំបូង ដែលអាចផ្លាស់ប្តូរ សំដៅធានាបាននូវអនាគតកសិកម្មនៅក្នុងតំបន់នេះមានរយៈវែង។