នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារ គ្លរៀស ខេត្តកំពង់ធំ គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំសិក្ខាសាលាចែករំលែកព័ត៌មានស្តីពី កម្មវិធីហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ដើម្បីគាំទ្រដល់សហគមន៍កសិកម្ម ក្រុមផលិត និងសមាជិកក្រុម កសិធុរកិច្ច និងអ្នកកែច្នៃកសិផលធ្វើឱ្យប្រសើរឡើងទាំងបរិមាណ និងគុណភាព ដើម្បីនាំចេញទៅកាន់ទីផ្សារ។ ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគនេះ ជាថវិកាជំនួយសម្រាប់បំពេញបន្ថែមចំនួន ៤០% នៃការវិនិយោគ ផ្តល់ជូនសហគមន៍កសិកម្ម ក្រុមផលិត ដែលបានរៀបចំផែនការពិពិធកម្ម និងផែនការធុរកិច្ច ស្នើមកគម្រោង។
ហិរញ្ញប្បទាននេះផ្តល់ជូនសហគមន៍កសិកម្ម និងក្រុមផលិតឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលកសិករខ្នាតតូច និងមធ្យមកំពុងជួបប្រទះ ដូចជា ខ្វះខាតចំណេះដឹង ជំនាញ លទ្ធភាពទទួលបានធាតុចូលកសិកម្មទំនើប និងបច្ចេកទេសកែច្នៃ ដើម្បីសម្រេចខ្សែច្រវាក់ផលិតកម្មជោគជ័យ និងទទួលបានទិន្នផលកសិកម្មល្អប្រសើ ខ្វះខាតការតភ្ជាប់ផ្លូវថ្នល់ពីកសិដ្ឋានទៅកាន់ទីផ្សារ និងប្រព័ន្ធស្រោចស្រពសម្រាប់ដំណាំកសិកម្ម។
សិក្ខាសាលាចែករំលែកព័ត៌មាននេះដែរ អនុញ្ញាតឱ្យសហគមន៍កសិកម្ម ក្រុមផលិត និងសមាជិកក្រុម ដែលមានចំណាប់អារម្មណ៍ ស្វែងយល់ពីតម្រូវការចាំបាច់ ក្នុងការដាក់ផែនការហិរញ្ញប្បទានឥតសំណងរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា និងសួរសំណួរផ្សេងៗដែលពាក់ព័ន្ធ។
សិក្ខាសាលាផ្សព្វផ្សាយបានប្រព្រឹត្តិទៅក្រោមការដឹកនាំរបស់ លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក តាំង សុផាត នាយកគម្រោង នៃក្រសួងធនធានទឹក និងឧតុនិយម និងលោក ដៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ព្រមទាំងតំណាងសហគមន៍កសិកម្ម និងក្រុមផលិតនៅក្នុងខេត្តកំពង់ធំជាង៨០នាក់អញ្ជើញចូលរួម។