សិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងវឌ្ឍនភាពការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជាឆ្នាំ២០២៤ (CASDP)

ចេញ​ផ្សាយ​ 27 Dec 2024
46
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំស្តីពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារ Regency Angkor ក្នុងខេត្តសៀមរាប។ សិក្ខាសាលាមានគោលបំណងលើកកម្ពស់ភាពធន់ និងនិរន្តរភាពនៃវិស័យកសិកម្មកម្ពុជានៅឆ្នាំ២០២៥ និងក្រៅពីនេះ សិក្ខាសាលាបានផ្តល់ជាវេទិកាសម្រាប់ការពិភាក្សាប្រកបដោយការស្ថាបនា និងរៀបចំផែនការអនុវត្តឱ្យទទួលបានជោគជ័យនៅឆ្នាំខាងមុខ។
នាឱកាសនោះដែរ អង្គសិក្ខាសាលាបានពិភាក្សាផែនការសកម្មភាពដែលកំពុងអនុវត្តដោយរំលេចនូវបញ្ហាប្រឈម តាមរយៈការពិភាក្សាជាក្រុម រួមមានការអនុវត្តល្អបំផុតសម្រាប់ DPl/BPls បញ្ហាប្រឈមក្នុងការគ្រប់គ្រងសហគមន៍ ការរៀបចំ និងការវាយតម្លៃ DPl/BPl ការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ការអភិវឌ្ឍន៍យុទ្ធសាស្ត្រ និងផែនការសកម្មភាព។ល។
ក្នុងដំណើរការរៀបចំអង្គសិក្ខាសាលា ក្រុមការងារធនាគារពិភពលោកបានដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួល។ តាមរយៈការគាំទ្រនេះដែរ ក្រុមការងារគម្រោង CASDP និង ក្រុមការងារ IAs មានឱកាសចូលរួមចែករំលែកពីការគ្រប់គ្រងគម្រោងពាក់ព័ន្ធលើការអនុវត្តផែនការ DPL/BPls ដែលអនុញ្ញាតិឱ្យក្រុមការងារគម្រោង CASDP ទទួលយកមតិយោបល់ត្រឡប់ និងមតិកែលម្អពីភាគីពាក់ព័ន្ធ។
ជាមួយគ្នានោះដែរ សមាជិកសហគមន៍កសិកម្ម (AC) និងអ្នកពាក់ព័ន្ធផ្សេងទៀតត្រូវបានអញ្ជើញឱ្យចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងផងដែរ។ បទពិសោធន៍ និងចំណេះដឹងដែលសិក្ខាកាមទាំងអស់បានចូលរួមពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងដំណើរការគាំទ្រសគមន៍កសិកម្ម ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការកែលម្អលទ្ធភាពទទួលបានឥណទានរបស់កសិករ។ នេះជាការរួមចំណែកមួយដ៏មានសារៈសំខាន់ដើម្បីឱ្យគម្រោង CASDP ទទួលបានជោគជ័យ។
មតិកែលម្អ និងការចូលរួមនានានៅក្នុងកិច្ចប្រជុំនេះ នឹងត្រូវយកទៅកែលម្អ និងកំណត់គោលដៅសម្រាប់ឆ្នាំក្រោយ ជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ។
សិក្ខាសាលាឆ្លុះបញ្ចាំងបានប្រព្រឹត្តិទៅក្រោមការដឹកនាំដោយ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោង CASDP (PSC) និងលោកជំទាវ មុទិតា ចំរើន ប្រធានក្រុមការគម្រោង CASDP នៃធនាគារពិភពលោក។ អញ្ជើញចូលរួមនាឱកាសនោះដែររួមមាន ប្រធានគ្រប់គ្រងគម្រោង CASDP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ (MORD) និងអ្នកចូលរួមចំនួន ៩៩ នាក់ រួមមានតំណាងមកពីក្រសួងស្ថាប័ន ដូចជា ភ្នាក់ងារអនុវត្ត (IAs) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម (ARDB) អ្នកផ្តល់សេវាបច្ចេកទេស (TSPs) តំណាងមកពីស្ថាប័នហិរញ្ញវត្ថុ (PFI) អាជីវកម្មកសិកម្មខ្នាតតូច និងមធ្យម សមាជិកនៃគណៈកម្មាធិការដឹកនាំគម្រោង សមាជិកនៃ AEC និង E.C. និងតំណាងមកពីសហគមន៍កសិកម្ម។ អ្នកចូលរួមទាំងអស់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិភាក្សា និងដំណើរការ សម្រេចចិត្តសម្រាប់ការអនុវត្តគម្រោងនៅឆ្នាំបន្ទាប់។