ការគ្រប់គ្រងប្រតិបត្តិការកែច្នៃចំណីអាហារតែងផ្តោតលើការអនុវត្តអនាម័យល្អ (GHP) ការអនុវត្តផលិតកម្មល្អ (GMPP) និងធ្វើការវិភាគគ្រោះថ្នាក់លើចំណីអាហារដែលអាចកើតមានឡើង (HACCP) ជាចំនុចសំខាន់មួយនៅក្នុងប្រព័ន្ធផលិតកម្មចំណីអាហារដែលត្រូវយកចិត្តទុកដាក់បំផុត។ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានរៀបចំបំពាក់បំប៉នស្តីពីការអនុវត្តអនាម័យល្អ (HGP) លើផលិផលគ្រាប់ស្វាយចន្ទីឆ្លើយតបទៅនឹងការកើនឡើងនូវតម្រូវការ និងបញ្ហាប្រឈមផ្នែកសុវត្ថិភាពចំណីអាហារក្នុងពាណិជ្ជកម្មអន្តរជាតិ។
សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យជាសហគមន៍កសិកម្មសំខាន់មួយក្នុងចំណោមសហគមន៍ជាច្រើនដែលទទួលបានការបណ្តុះបណ្តាលនៅក្នុងកម្មវិធីដែលគាំទ្រដោយគម្រោង CASDP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដើម្បីពង្រឹងការគ្រប់គ្រងគុណភាពម្ហូបអាហារក្នុងស្រុកស្របតាមគោលដៅគម្រោង។
នៅថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៤ បណ្ឌិត ឆាយ ឈីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្នុងវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តអនាម័យល្អលើការកែច្នៃគ្រាប់ស្វាយចន្ទី សម្រាប់សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ ខេត្តព្រះវិហារ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង (ក) បង្កើនការយល់ដឹងអំពីការធ្វើអនាម័យផ្ទាល់ខ្លួន មុនពេល កំឡុងពេល និងក្រោយពេលកែច្នៃផលិតផលកសិកម្ម និង (ខ) កែលម្អការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ។
វគ្គបណ្តុះបណ្តាលបានរៀបចំឡើងយ៉ាងល្អិតល្អន់លើទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ប្រធានបទដែលបានបង្ហាញនាឱកាសនោះរួមមាន៖ គោលការណ៍នៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ, ការកែលម្អការអនុវត្តការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ, ឯកសារ/កំណត់ត្រា និងគោលការណ៍ណែនាំ ការអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារ ដូចជា GHP/ HACCP និងការផ្តល់ប្រឹក្សាលើការរៀបចំផែនការ និងការអនុវត្តដើម្បីទទួលបានវិញ្ញាបនប័ត្រ GHP/HACCP។ ជាមួយគ្នានោះដែរ វគ្គបណ្តុះបណ្តាលក៏មានការអនុវត្តជាក់ស្តែង ដោយធានាថាការបណ្តុះបណ្តាលបានផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងបានផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តផ្ទាល់ពាក់ព័ន្ធការគ្រប់គ្រងការអនុវត្តសុវត្ថិភាពចំណីអាហាររបស់សមាជិកសហគមន៍។
ក្រោយពេលបញ្ចប់វគ្គបង្វឹកហ្វឺននេះ សមាជិកសហគមន៍កសិកម្ម នឹងមានការយល់ដឹងយ៉ាងទូលំទូលាយ និងយកទៅអនុវត្តជាក់ស្តែងស្របតាមគោលការណ៍សុវត្ថិភាពចំណីអាហារ។ ម៉្យាងវិញទៀតសមាជិកទាំងអស់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅក្នុងជីវភាពរស់នៅរបស់ពួកគេ។ មួយផ្នែកទៀត ចំណេះដឹងនិងជំនាញ ដែលពួកគេទទួលបានពីវគ្គហ្វឹកហ្វឺននេះ នឹងជួយធ្វើឱ្យចំណីអាហារនៅក្នុងសហគមន៍កាន់តែមានសុវត្ថិភាពប្រសើរឡើង។ ជាមួយគ្នានេះដែរ សិក្ខាកាមបានយល់ដឹងពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ គោលការណ៍នៃ GHP និង HACCP ដើម្បីទទួលបានវិញ្ញបនបត្រ GHP/ HACCP សម្រាប់ត្រៀមខ្លួនប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ។