កិច្ចប្រជុំពិភាក្សាលទ្ធផលបឋមនៃការសិក្សាវាយតម្លៃពីសមិទ្ធិលទ្ធភាព ដើម្បីរៀបចំគោលនយោបាយ និងផែនការសកម្មភាពសម្រាប់ការអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងការត្រួតពិនិត្យគុណភាពចំណីអាហារ

ចេញ​ផ្សាយ​ 18 Nov 2024
51
ភ្នំពេញ៖ ថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំពិភាក្សាលទ្ធផលបឋមនៃការសិក្សាវាយតម្លៃពីសមិទ្ធិលទ្ធភាព ដើម្បីរៀបចំគោលនយោបាយ និងផែនការសកម្មភាពសម្រាប់ការអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងការត្រួតពិនិត្យគុណភាពចំណីអាហារ។ កិច្ចប្រជុំបានប្រព្រឹត្តិទៅក្រោមការដឹកនាំដោយលោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងមានតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល សាកលវិទ្យាល័យ និងវិទ្យាស្ថាន ស្ថាប័នដៃគូ និងវិស័យឯកជន បានអញ្ជើញចូលរួមនាឱកាសនោះដែរ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលទ្ធផលនៃការសិក្សា ដោយផ្តោតលើទិទិដ្ឋភាព ច្បាប់ គោលនយោបាយ និងនីតិវិធីដែលមានស្រាប់ ដើម្បីរៀបចំជាផែនការសកម្មភាពសម្រាប់៖ ១) ការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (FSMS) និងគោលនយោបាយពាក់ព័ន្ធ ២) ការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងសេវាកម្មប្រឹក្សា ៣) ការកែលម្អសមត្ថភាពធ្វើតេស្ត និងវិភាគ និង ៤)ការលើកកម្ពស់ផលិតផលសម្គាល់ភូមិសាស្ត្រ (GI) កសិកម្មសរីរាង្គ និងការអនុវត្តកសិកម្មល្អ (GAP)។
ក្នុងកិច្ចប្រជុំ ភាគីពាក់ព័ន្ធបានចែករំលែកធាតុចូលសំខាន់ៗទៅលើលទ្ធផលនៃការស្រាវជ្រាវបឋម និងបានពិភាក្សាផងដែរនូវគោលនយោបាយអាទិភាព និងក្របខណ្ឌច្បាប់សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហា(FSMS) និងគោលនយោបាយពាក់ព័ន្ធ និងសកម្មភាពអាទិភាពសម្រាប់រយៈពេលខ្លី និងរយៈពេលវែងការគាំទ្ររបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា។
គួបញ្ជាក់ថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកំពុងធ្វើការស្រាវជ្រាវ វាយតម្លៃសមិទ្ធិលទ្ធភាព ដើម្បីរៀបចំគោលនយោបាយ និងផែនការសកម្មភាពសម្រាប់ការអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងការត្រួតពិនិត្យគុណភាពចំណីអាហារ ដោយផ្តោតសំខាន់លើ៖ ១) ការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (FSMS) និងគោលនយោបាយពាក់ព័ន្ធ, ២) ការបង្កើនការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងសេវាកម្មប្រឹក្សា, ៣) ការកែលម្អសមត្ថ-ភាពធ្វើតេស្តវិភាគ និង ៤)ការលើកកម្ពស់សូចនាករភូមិសាស្ត្រ (GI) កសិកម្មសរីរាង្គ និងការអនុវត្តកសិកម្មល្អ (GAP)។ បច្ចុប្បន្ន ការសិក្សាបានបញ្ចប់លើការប្រមូលទិន្នន័យ ហើយគ្រោងរៀបចំធ្វើសេចក្តីព្រៀងសម្រាប់ពិភាគ្សាពិគ្រោះយោបល់ ។