អង្គសិក្ខាសាលា “ប្រមូលធាតុចូលដើម្បីគាំទ្រដល់ការអនុវត្តខ្សែបន្ទាត់ឥណទានសម្រាប់គម្រោងពិពិធកម្មកសិកម្មកម្ពុជា”

ចេញ​ផ្សាយ​ 18 Nov 2024
41
សៀមរាប៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំអង្គសិក្ខាសាលាដើម្បី “ប្រមូលធាតុចូលដើម្បីគាំទ្រដល់ការអនុវត្តខ្សែបន្ទាត់ឥណទាន សម្រាប់គម្រោងពិពិធកម្មកសិកម្មកម្ពុជា” នៅសណ្ឋាគារ Somadevi Angkor Resort & Spa ខេត្តសៀមរាប។
អង្គពិធីនេះរៀបចំឡើងក្នុងគោលបំណងកំណត់ពីភាពជោគជ័យ និងបញ្ហាប្រឈម ដែលសហគមន៍កសិកម្ម (AC) ជួបប្រទះក្នុងអំឡុង ពេលអនុវត្តផែនការពិពិធកម្មនិងផែនការធុរកិច្ច (DPI/BPI) ជាផែនការយុទ្ធសាស្រ្តដែលបានរួមបញ្ចូលពិពិធកម្មផលិតផលកសិកម្ម ការពង្រីកទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ផែនការនេះទៀតសោតពាក់ព័ន្ធការប្រើប្រាស់ខ្សែបន្ទាត់ឥណទាន, ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ, ទុនបដិភាគ និងរៀបចំផែនការសកម្មភាពសម្រាប់ជំរុញការអនុវត្តផែនការពិពិធកម្មនិងធុរកិច្ចសហគមន៍។
កិច្ចប្រជុំបានលើកយកបទពិសោធន៍ ពិភាក្សាបញ្ហាប្រឈម កត្តាជោគជ័យក្នុងការគ្រប់គ្រង និងអនុវត្តផែនការពិពិធកម្មនិងធុរកិច្ច ការផ្សព្វផ្សាយលក្ខណៈវិនិច្ឆ័យ និងនីតិវិធីសម្រាប់ខ្សែបន្ទាត់ឥណទាន។
អង្គសិក្ខាសាលាត្រូវបានបិទបញ្ចប់ ដោយភាគីពាក់ព័ន្ធទាំងអស់ទទួលបានបទពិសោធន៍ក្នុងការអនុវត្តផែនការពិពិធកម្មនិងធុរកិច្ចក្នុងអន្តរវិស័យ និងកំណត់បាននូវបញ្ហាប្រឈម និងវិធានការគាំទ្រសំខាន់ៗសំដៅពន្លឿនការអនុវត្តឱ្យមានប្រសិទ្ធភាពលើការប្រើប្រាស់ខ្សែបន្ទាត់ឥណទានសម្រាប់អនុវត្តផែនការពិពិធកម្មនិងធុរកិច្ច។
អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលារួមមាន លោក សុខ ខន ប្រធាននាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា លោក យ៉ន សម្បត្តិ ប្រធាននាយកដ្ឋានប្រសិទ្ធភាពចំណាយ និងជាប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអស់លោក លោកស្រី តំណាងភ្នាក់ងារអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងសហគមន៍កសិកម្ម ដែលបានអនុវត្តផែនការពិពិធកម្ម និងធុរកិច្ចក្រោមហិរញ្ញប្បទានរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា និងតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដៃគូរបស់គម្រោងសរុបប្រមាណចំនួន ៣៣ នាក់៕