ក្រុមការងារគម្រោង CASDP រួមជាមួយគម្រោងពីរផ្សេងទៀតក្រោមហិរញ្ញប្បទាន ធនាគារពិភពលោក រួមមាន LASED III និង CSLICP ចូលរួមកម្មវិធី KGID លើកទី ១៣ នៅទីក្រុង Jeju កូរ៉េខាងត្បូង

ចេញ​ផ្សាយ​ 18 Nov 2024
49
វេទិកានវានុវត្តន៍បៃតងប្រទេសកូរ៉េ (KGID) ជាឱកាសពិសេសមួយសម្រាប់ការចែករំលែកចំណេះដឹងស្តីពីកំណើនបៃតង ដែលបានរៀបចំ និងផ្តល់មូលនិធិដោយធនាគារពិភពលោក (Korea Green Growth Trust Fund (KGGTF)។ នៅក្នុងវេទិកាKGID លើកទី១៣ ជាព្រឹត្តិការជាប្រវត្តិសាស្រ្តធ្វើឡើងសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍អនុវត្តជាក់ស្តែង និងយុទ្ធសាស្រ្តនវានុវត្តន៍ឈ្ពោះទៅរកសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កន្លងមកព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងធំៗមួយចំនួន មានទីក្រុងសេអ៊ូល វ៉ាស៊ីនតោន ឌីស៊ី ដា អេស សាឡាម និងទីក្រុងគែរ។ ឆ្នាំនេះ ប្រទេសកូរ៉េខាងត្បូងបានធ្វើជាម្ចាស់ផ្ទះ។
ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) រួមជាមួយគម្រោងពីរផ្សេងទៀតក្រោមហិរញ្ញប្បទាន ធនាគារពិភពលោក រួមមាន LASED III និង CSLICP សរុបចំនួន ៣៣ នាក់ បានចូលរួមកម្មវិធី KGID លើកទី ១៣ដែលធ្វើឡើងនៅទីក្រុង Jeju នៃប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២៤។ ក្នុងឱកាសនោះដែរ អ្នកជំនាញការអន្តរជាតិប្រហែល ៣៥០ នាក់ មកពីបណ្តាប្រទេសផ្សេងៗ រួមមានអ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និងអ្នកអនុវត្តលើកំណើនបៃតង បានអញ្ជើញចូលរួមញាំងឱ្យព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅមានបរិយាប័ន និងផ្តល់អត្ថប្រយោជន៍គ្រប់ជ្រុងជ្រោយ។
អង្គសន្និសិទអន្តរជាតិនេះដែរ មានគោលបំណងសម្របសម្រួលការចែករំលែកការអនុវត្តជាក់ស្តែង និងយុទ្ធសាស្រ្តនវានុវត្តន៍ សំដៅសម្រេចបានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ របៀបវារៈនៃអង្គស្និសិទ KGID ឆ្នាំ២០២៤ នេះ បានផ្តោតសំខាន់លើ «កំណើនបៃតងសម្រាប់ការរស់រានរបស់ផែនដី» ដែលជាប្រធានបទសំខាន់បំផុសគំនិត តាមរយៈការបង្ហាញករណីសិក្សាពីវឌ្ឍនភាពកំណើនបៃតង និងការពង្រីកវិសាលភាពនាពេលអនាគត។ អង្គសន្និសិទក៏បានអំពាវនាវដល់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងសន្និសិទរយៈពេល៣ថ្ងៃនេះ វាគ្មិនសំខាន់ៗមកពីវិស័យឯកជន រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុ បានចែករំលែកបទពិសោធន៍របស់ខ្លួន ដោយបន្តគាំទ្រផ្នែកហិរញ្ញវត្ថុលើកម្មវិធីកសិកម្មនវានុវត្តន៍ គម្រោងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ថាមពលបៃតង និងគម្រោងគ្មានកាបូន និងបានសំឡឹងមើលពីបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តគម្រោងទាំងនោះ។