ការរិយាល័យសម្របសម្រួលគម្រោងពិពិធកម្មកសិកម្មកម្ពុជារៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤

ចេញ​ផ្សាយ​ 18 Nov 2024
47
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)ការិយាល័យសម្របសម្រួលគម្រោង (PCO) បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរយៈពេល៩ខែ និងផ្តល់គោលការណ៍ណែនាំក្រុមការងារគម្រោងឱ្យរៀបចំផែនការប្រចាំឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CASDP និងមានការអញ្ជើញចូលរួមពីតំណាងអង្គភាពអនុវត្ត (I.A.) រួមមាន MEF, MoWRM, និង MRD ដែលជាតួអង្គសំខាន់ក្នុងដំណើរការអនុវត្តគម្រោង។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយកគម្រោង CASDP បានសម្តែងការកោតសរសើរចំពោះក្រុមការងារគម្រោងទាំងអស់ ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវវឌ្ឍនភាពអនុវត្តគម្រោងគួរឱ្យកត់សម្គាល់។ ក្រុមការងារបានពិភាក្សា និងស្នើរឱ្យមានការយកចិត្តទុកដាក់លើលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសសហគមន៍កសិកម្មដែលមានសក្តានុពល ដើម្បីធានាថាគោលដៅរបស់សហគមន៍ស្របតាមគោលនយោបាយអភិវឌ្ឍន៍កសិកម្មរបស់រាជរដ្ឋាភិបាល ជាពិសេសផលិតផលកសិកម្ម ដែលមានសក្តានុពល ដូចជា គ្រាប់ស្វាយចន្ទី បន្លែសុវត្ថិភាព ម្រេចជាដើម ដែលជាផលិតផលនាំចេញមានសក្តានុពល។
សម្រាប់ការបន្តគម្រោងរយៈពេល១៨ ខែខាងមុខ ឯកឧត្តម នាយកគម្រោង CASDP បានសង្កត់ធ្ងន់ពីតួនាទីសំខាន់របស់ក្រុមការងារគម្រោងទាំងអស់ និងតំណាងអង្គភាពអនុវត្តគម្រោង (I.A.s) ត្រូវចាប់ផ្តើមអនុវត្តការងាររបស់ខ្លួនជាបណ្តើរៗក្នុងការជ្រើសរើសខេត្តចំនួន៤បន្ថែម និងរៀបចំផែនការប្រចាំឆ្នាំ២០២៥ (AWPB 2025) ទាន់ពេលវេលា។ កិច្ចប្រជុំក៏បានស្នើឱ្យក្រុមការងារគាំទ្រសហគមន៍កសិកម្ម (ACST) គួរតែធ្វើចំណាត់ថ្នាក់សហគមន៍កសិកម្មឱ្យបានច្បាស់លាស់តាមវិស័យ មានជាអាទិ៍ វិស័យជាក់លាស់ ចំណេះជំនាញ និងសមត្ថភាពផ្នែកហិរញ្ញវត្ថុ ដើម្បីធានាការអនុវត្តផែនការអាជីវកម្មរបស់ខ្លួនទទួលបានជោគជ័យ។ ការធ្វើដូច្នេះមួយផ្នែកវានឹងធានាបាននូវគុណតម្លៃផង និងអាជីវកម្មមាននិរន្តរភាពផងក្រោយពីកិច្ចពីអន្តរាគមន៍របស់គម្រោង។
កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យ ដោយក្រុមការងារអនុវត្តគម្រោងទាំងអស់បានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីឱ្យគម្រោងទទួលបានជោគជ័យ តាមរយៈការបង្កើនប្រសិទ្ធភាពនៃអន្តរាគមន៍ និងមានឆន្ទៈមុះមុតក្នុងការផ្តល់សេវាគាំទ្រដល់សហគមន៍កសិកម្មដែលជារឿយៗមិនទាន់ទទួល បានយន្តការគាំទ្រសមស្របនៅឡើយ។