គណៈកម្មាធិការវាយតម្លៃផែនការពិពិធកម្ម និងផែនការធុរកិច្ចបានជួបជាមួយតំណាងសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើងដើម្បីពិនិត្យនិងវាយតម្លៃលើផែនការពិពិធកម្ម និងផែនការធុរកិច្ច ដែលសហគមន៍កសិកម្មបានបញ្ជូនមកគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 07 Oct 2024
636
កំពង់ចាម៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការវាយតម្លៃផែនការពិពិធកម្ម និងផែនការធុរកិច្ចបានជួបជាមួយតំណាងសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង ស្ថិតនៅភូមិត្រពាំងត្នោត ឃុំសូសេន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីពិនិត្យ និងវាយតម្លៃលើផែនការពិពិធកម្ម និងផែនការធុរកិច្ចដែលសហគមន៍កសិកម្មបានបញ្ជូនមកគម្រោងពិពិធកម្មកសិកម្មកម្ពុជា។
នាឱកាសនោះ កិច្ចប្រជុំបានពិភាក្សាលើបញ្ហាមួយចំនួនពាក់ព័ន្ធហិរញ្ញប្បទានបដិភាគ ៦០% ដែលជាផ្នែកមួយសំខាន់រួមចំណែកដល់ប្រតិបត្តិការអាជីវកម្ម និងកំណើនប្រាក់ចំណូល។ សមាជិកគណៈកម្មការវាយតម្លៃក៏បានពិនិត្យមើលផែនការផលិតកម្ម ជាពិសេសយុទ្ធសាស្រ្តសម្រាប់ការបង្កើនទិន្នផល ដើម្បីបំពេញតាមតម្រូវការទីផ្សារ។ លើសពីនេះ គណៈកម្មការបានស្វែងយល់ពីលក្ខណៈបច្ចេកទេសនៃការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ផ្តោតលើជំនាញ និងបទពិសោធន៍ចាំបាច់ដែលកសិករត្រូវការ ដែលបច្ចុប្បន្ននៅមិនទាន់បានអនុលោមតាមការអនុវត្តកសិកម្មល្អនៅឡើយ។
ឆ្លើយតបទៅនឹងក្តីកង្វល់ខាងលើ សមាជិកគណៈកម្មាធិការបានស្នើឱ្យសហគមន៍កសិកម្មបង្កើតផែនការកសិ-អាជីវកម្មមួយមានគោលបំណងច្បាស់លាស់ដើម្បីកៀរគរការគាំទ្រផ្នែកហិរញ្ញវត្ថុពីវិស័យឯកជន និងដៃគូនានា។ កិច្ចប្រជុំក៏បានផ្តល់អនុសាសន៍សហគមន៍កសិកម្មពិនិត្យឡើងវិញនូវផែនការអាជីវកម្មរបស់ខ្លួនស្របតាមតម្រូវការអ្នកទិញ។ ក្រៅពីនេះ ការពង្រឹងសមត្ថភាពដល់សមាជិកសហគមន៍ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់ខ្លួន។ ប្រសិនបើការអនុវត្តនេះមានប្រសិទ្ធភាព សកម្មភាពទាំងនេះនឹងនាំមកនូវវិបុលភាព សម្រាប់សហគមន៍កសិកម្ម និងសមាជិករបស់ខ្លួនកាន់តែមានសុទិដ្ឋិនិយមបន្ថែមទៀត។
សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើងបានចុះបញ្ជីជាផ្លូវការដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ដោយមានសមាជិកចំនួន២៤៣ នាក់ ក្នុងនោះស្រ្តី១៣១ នាក់។ សហគមន៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងខ្សែសង្វាក់តម្លៃផលិតកម្ម ចាប់ពីការដាំដុះរាប់ចាប់តាំងពីមុននិងក្រោយប្រមូលផល និងការវេចខ្ចប់ស្របតាមបទដ្ឋានបច្ចេកទេសស្របតាមតម្រូវការទីផ្សារ។
កិច្ចប្រជុំបានប្រព្រឹត្តិទៅតាមទម្រង់អនឡាញ និងជួបផ្ទាល់ក្រោមការដឹកនាំរបស់ លោក យ៉ន សម្បត្តិ ប្រធាននាយកដ្ឋានប្រសិទ្ធភាពចំណាយ និងជាប្រធានគណៈកម្មការវាយតម្លៃនៃគម្រោង CASDP នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមដោយលោក ឆេង វិបុលរិទ្ធ ក្នុងនាមឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងនាយកគម្រោង CASDP និងចូលរួមតាមអនឡាញមានលោក ទិត្យ សុផា ប្រធានគម្រោង CASDP ក្រសួងអភិវឌ្ឍន៍ជនបទ (MRD) លោក ហ៊ុយ វ៉ាន់ថា ប្រធានគម្រោង CASDP ក្រសួងធនធានទឹក និងឧតុនិយម (MoWRAM) និងក្រុមការងារគម្រោង រួមទាំងសមាជិកគណៈកម្មការវាយតម្លៃមកពីសភាពាណិជ្ជកម្មកម្ពុជា សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរកសិកម្មខេត្តកំពង់ចាម សរុបចំនួន ៣០នាក់។ ក្នុងឱកាសនោះដែរ ក្រុមការងារបានចុះពិនិត្យបន្លែសុវត្ថិភាព និងបណ្តុះកូនបន្លែនៅក្នុងផ្ទះសំណាញ់ផងដែរ។