សិក្ខាសាលាបូកសរុបលទ្ធផលនៃការសិក្សាពិគ្រោះយោបល់លើការសិក្សាសមិទ្ធិលទ្ធភាពបង្កើតប្រព័ន្ធព័ត៌មានកសិកម្ម

ចេញ​ផ្សាយ​ 07 Oct 2024
583
ភ្នំពេញ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ SUN & MOON Riverside មានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលនៃការពិគ្រោះយោបល់លើការសិក្សាសមិទ្ធិលទ្ធភាពបង្កើតប្រព័ន្ធព័ត៌មានកសិកម្ម (AIS) រៀបចំដោយមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម (AiDOC) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ជាមួយក្រុមហ៊ុន BRONX Technology ដើម្បីបង្ហាញលទ្ធផលនៃការសិក្សាពិគ្រោះយោបល់ចុងក្រោយ។ លទ្ធផលនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការត្រួសត្រាយផ្លូវបន្ថែមទៀតសម្រាប់កែលម្អប្រព័ន្ធព័ត៌មានកសិកម្មនៅជំហានបន្ទាប់។
អង្គសិក្ខាសាលាបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្នុងនាម ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CASDP និងលោក គិត វិសាល អគ្គនាយកក្រុមហ៊ុន BronX Technology ។ សិក្ខាសាលានេះជាផ្លេតហ្វមសំខាន់ដើម្បីប្រមូលធាតុចូលផ្នែកចំណេះដឹង និងអនុសាសន៍ពីភាគីពាក់ព័ន្ធ រួមមានមន្ត្រីជំនាញមកពីដៃគូអភិវឌ្ឍន៍ តំណាងនាយកដ្ឋានក្រោមឱវាទក្រសួងកសិកម្ម វិស័យឯកជន និងអ្នកជំនាញផ្នែកប្រព័ន្ធព័ត៌មានកសិកម្មតាមទូរស័ព្ទចល័តដែលជាតួអង្គសំខាន់ក្នុងការសិក្សាសមិទ្ធិលទ្ធភាពនេះ។
តាមរយៈបទបង្ហាញ ការសិក្សាពីសមិទ្ធិលទ្ធភាពក្នុងការបង្កើតព័ត៌មានកសិកម្ម មានគោលបំណងផ្តល់អនុសាសន៍សម្រាប់ការបង្កើត និងការអនុវត្តប្រព័ន្ធព័ត៌មានកសិកម្ម (AIS) ក្រោមនាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), ផ្តល់យោបល់ និងលើកសំណើបច្ចេកទេសដើម្បីបង្កើតមជ្ឍមណ្ឌលកណ្តាលសម្រាប់ចែករំលែកទិន្នន័យ និងម៉ូឌែលស្ថិតិផ្អែកលើទិន្នន័យដើមគ្រា និងបច្ចុប្បន្នភាព ក្នុងការព្យាករណ៍ពីផលប៉ះពាល់នៃការប្រែប្រួលលើទីផ្សារកសិកម្ម។ ទិន្នន័យនេះផងដែរ វានឹងបំពេញតម្រូវការរបស់វិស័យឯកជន និងវិស័យសាធារណៈ សម្រាប់ធ្វើការវាយតម្លៃព័ត៌មានទីផ្សារ។ ក្នុងបទបង្ហាញដែលលោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុន BronX Technology បានបង្ហាញផ្តោតសំខាន់លើសំណើរដំណោះស្រាយ ហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង តម្រូវការធនធានមនុស្ស ផែនការទីផ្សារឌីជីថល និងយុទ្ធសាស្រ្តចំណូល។
នេះជាកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ដែលបានចែករំលែកធាតុចូល និងអានុសាសន៍ និងផ្តល់នូវព័ត៌មានលម្អិតពី លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធផលពាក់ព័ន្ធការអនុវត្តល្អបំផុតនៃប្រព័ន្ធព័ត៌មានកសិកម្មក្នុងប្រទេស, អនុសាសន៍ជាក់លាក់ក្នុងបរិបទនៃប្រទេសកម្ពុជា, សំណើរគំរូប្រព័ន្ធព័ត៌មានកសិកម្ម និងតម្លៃប៉ាន់ស្មាន និងពេលវេលានៃការអនុវត្តនិងផែនការទីផ្សារ។ល។