គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តឧបករណ៍សុវត្ថិភាព បរិស្ថាននិង សង្គម និងយន្តការដោះស្រាយបណ្តឹងតវ៉ា សម្រាប់គណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ានៅថ្នាក់ក្រោមជាតិ និងសហគមន៍កសិកម្ម

ចេញ​ផ្សាយ​ 07 Oct 2024
134
គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តឧបករណ៍សុវត្ថិភាព បរិស្ថាននិង សង្គម និងយន្តការដោះស្រាយបណ្តឹងតវ៉ា សម្រាប់គណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ានៅថ្នាក់ក្រោមជាតិ និងសហគមន៍កសិកម្ម នៅខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង ។
វគ្គបណ្តុះបណ្តាលនេះបានផ្តោតសំខាន់លើបញ្ហាមួយចំនួន ដែលគេជឿថាអាចកើតមាននៅក្នុងដំណើរការអនុវត្តផែនការកសិធុរកិច្ច ដែលចាំបាច់ត្រូវអនុវត្តវិធានការជាក់លាក់ និងឧបករណ៍សុវត្ថិភាពគាំពារសង្គមនិងបរិស្ថានដោយធ្វើការជិតស្និតជាមួយសហគមន៍កសិកម្ម។
ជាមួយគ្នានេះដែរ វគ្គនេះមានគោលបំណងធានាឱ្យបា្រកដថា សមាជិកគណៈកម្មការដោះស្រាយបណ្តឹងតវ៉ានៅថ្នាក់ក្រោមជាតិ និងសហគមន៍កសិកម្ម មានសមត្ថភាពគ្រប់គ្រាន់ និងចំណេះដឹងដែលទទួលបាននៅពេលនេះ យកទៅអនុវត្តក្នុងមូលដ្ឋានរបស់ខ្លួន សំដៅកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាន និងសង្គម ក្នុងពេលដំណើរការអនុវត្តផែនការធុរកិច្ច ក្រោមក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា។
បទឧទ្ទេសនាមបានគ្របដណ្តប់លើ ទស្សទានផែនការគ្រប់គ្រងបរិស្ថាននិងសង្គម (ESMP) និងក្រមប្រតិបត្តិបរិស្ថាននិងសង្គម (ESCOP) ការបរិច្ចាគ និងការដោះដូរដីដោយស្ម័គ្រចិត្ត ផែនការអភិវឌ្ឍន៍ជនជាតិដើមភាគតិច (IPDP) និងដំណើរការយន្តការដោះស្រាយបណ្តឹងតវ៉ា(GRM)។ មួយវិញទៀត ការចែករំលែកបទពិសោធន៍ និងមេរៀនស្តីពីការអនុវត្តកិច្ចគាំពារបរិស្ថាននិងសង្គម (E&S) បានពង្រឹងការយល់ដឹង និងការប្តេជ្ញាចិត្តរួមគ្នាបន្ថែមទៀតដើម្បីសម្រេចគោលដៅគម្រោងដោយជោគជ័យ។
ក្រោមការគាំទ្ររបស់គម្រោង CASDP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយការបណ្តុះបណ្តាល សិក្ខាកាមមានសមត្ថភាពគណនេយ្យភាព លើការដោះស្រាយបណ្តឹងតវ៉ាផ្នែកបរិស្ថាននិងសង្គម កាន់តែរឹងមាំជាងមុន ឈានទៅដោះស្រាយពាក្យបណ្តឹងតវ៉ានានាទទួលបានជោគជ័យ កាត់បន្ថយចំនួនពាក្យបណ្តឹង និងការដោះស្រាយបណ្តឹង E&S ប្រកបដោយប្រសិទ្ធភាព ដែលទាំងអស់នេះបានបង្ហាញពីលទ្ធផលជាក់ស្តែងក្នុងវគ្គនេះ។
វគ្គបណ្តុះបណ្តាលមានរយៈពេល២ សប្តាហ៍នៅចន្លោះថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ រៀបចំដោយក្រុមការងារបរិស្ថាន និងសង្គមរបស់គម្រោង CASDP នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត (PDAFF) ខេត្តបាត់ដំបង និងកំពង់ឆ្នាំង ដែលជាខេត្តគោលដៅគម្រោង។ សិក្ខាកាមចូលរួមមានចំនួន៤០ នាក់ តំណាងមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលស្រុក និងសមាជិកសហគមន៍កសិកម្មក្រោមគម្រោង CASDP នៅក្នុងខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង។