ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចុះពិនិត្យសហគមន៍កសិកម្មតាសីសាមគ្គី

ចេញ​ផ្សាយ​ 07 Oct 2024
143
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានកំពុងគាំទ្រសហគមន៍កសិកម្មតាសីសាមគ្គី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ការគាំទ្រនោះមានដូចជា ផ្តល់ហិរញ្ញប្បទានឥណទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ដើម្បីពង្រីកខ្សែច្រវាក់តម្លៃផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ គាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាកសិកម្មនវានុវត្តន៍ និងបច្ចេកទេសការអនុវត្ថន៍កសិកម្មល្អ (GAP)។ ជាមួយគ្នានេះផងដែរ គម្រោងពិពិធកម្មកសិកម្មកម្ពុជាក៏បានគាំទ្រប្រព័ន្ធស្រោចស្រព ការកែលម្អផ្លូវកសិកម្ម។ល។
កិច្ចអន្តរាគមន៍នេះ មានគោលដៅជួយសហគមន៍កសិកម្មតាសីសាមគ្គី និងសមាជិក ដោះស្រាយបញ្ហាប្រឈមផ្នែកចំណេះដឹងនិងជំនាញកសិកម្ម និងខ្វះលទ្ធភាពទទួលបានធាតុចូលកសិកម្ម និងបច្ចេកទេសកែច្នៃទំនើបសម្រាប់អនុវត្តកសិធុរកិច្ចឱ្យទទួលបានជោគជ័យ ព្រមទាំងកង្វះផ្លូវកសិកម្ម ដើម្បីដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងប្រព័ន្ធស្រោចស្រពសម្រាប់ដំណាំគ្រប់ប្រភេទ។
ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្ដី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ សហគមន៍កសិកម្មតាសីសាមគ្គីពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការធុរកិច្ច សិក្សាស្វែងយល់និងពិនិត្យលទ្ធភាពប្រែក្លាយសហគមន៍តាសីសាមគ្គីទៅជាសហគមន៍កសិកម្មទំនេីប។
ក្នុងឪកាសនេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានកោតសសើរ និងវាយតម្លៃខ្ពស់នូវលទ្ធផលទទួលបានពីការខិតខំប្រឹងប្រែងរបស់សហគមន៍ ដែលជាចំណុចសំខាន់ក្នុងការឈានទៅជាសហគមន៍កសិកម្មទំនើប។
ក្នុងពេលទស្សនកិច្ចនោះផងដែរ គណៈប្រតិភូបានអញ្ជើញពិនិត្យផ្លូវកសិកម្មប្រវែង ៥.៧៥ គ.ម ជាប្រភេទផ្លូវក្រាលកៅស៊ូ (DBST) ដែលកំពុងសាងសង់ ដែលជាចំនុចសំខាន់តភ្ជាប់ពីកសិដ្ឋានទៅទីផ្សារ។ គណៈប្រតិភូក៏បានដើរមើលទីតាំងផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ទស្សនាជុំវិញកសិដ្ឋានដែលមានដំណាំគ្រប់មុខ និងបានទស្សនាស្រះចិញ្ចឹមត្រី លទ្ធផលជាក់ស្តែងជាសក្ខីកម្មនៃភាពជោគជ័យរបស់គម្រោងផងដែរ។