គម្រោងពិពិធកម្មកសិកម្មកម្ពុជា ចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥណទានឥតសំណងបំពេញបន្ថែមទុនវិនិយោគដល់សហគមន៍កសិកម្មសំបូរមានជ័យខេត្តកំពង់ចាម ដើម្បីកែលម្អនិងពង្រឹងខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងស្លឹកគ្រៃ

ចេញ​ផ្សាយ​ 07 Oct 2024
540
កំពង់ចាម៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ គម្រោងពិពិធកម្មកសិកម្មកម្ពុជាបានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥណទានឥតសំណងបំពេញបន្ថែមទុនវិនិយោគដល់ សហគមន៍កសិកម្មសំបូរមានជ័យខេត្តកំពង់ចាម ដើម្បីកែលម្អ និងពង្រឹងខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងស្លឹកគ្រៃ។
កិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធទៅនឹងកង្វះដើមទុនដែលសមាជិកក្រុមផលិតត្រូវការយកមកពង្រីកអាជីវកម្មដាំដុះបន្លែសុវត្ថិភាព និងស្លឹកគ្រៃ។ ដោះស្រាយបញ្ហាប្រឈមសមត្ថភាពនៅមានកម្រិតក្នុងការរៀបចំផែនការផលិតកម្មឱ្យស្របតាមតម្រូវការទីផ្សារ និងខ្វះបទដ្ឋានបច្ចេកទេសកសិកម្ម ជាពិសេសការការពារកត្តាសត្វចង្រៃ ការប្រើប្រាស់ជីគីមី ការផលិតជីកំប៉ុស ការអនុវត្តកសិកម្មល្អ (GAP) និងការផលិតបន្លែសុវត្ថិភាពជាដើម។ល។
យោងតាមផែនការធុរកិច្ច សហគមន៍សំបូរមានជ័យមានគោលដៅ (១) កែលម្អខ្សែច្រវាក់ផលិតកម្ម ដោយពង្រីកទំហំផ្ទៃដីដាំដុះ ស្លឹកគ្រៃស្រស់បន្ថែមដល់ ២៨ ហិកតា ដែលទទួលបានបរិមាណជាមធ្យមចំនួន ១១៥ តោន/ឆ្នាំ និង (២) រៀបចំផ្ទះសំណាញ់ចំនួន ៥០ ខ្នង លើផលិតកម្មដំណាំបន្លែចម្រុះ ដែលទទួលបានបរិមាណជាមធ្យម ១០ តោន/ខែ ។ កិច្ចព្រមព្រៀងនេះមានសុពលភាពចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ រហូតថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
ជាមួយគ្នានេះដែរ គម្រោងក៏នឹងសាងសង់និងកែលម្អផ្លូវកសិកម្មប្រវែងជាង ៥គ.ម សម្រាប់ដឹកជញ្ជូនកសិផលពីកសិដ្ឋានមកទីផ្សារ និងស្តារអាងស្តុកទឹកទំនប់កំប្លោកសម្រាប់ការស្រោចស្រព ដែលមានទឹកប្រាក់សរុបប្រមាណជា ២លានដុល្លាអាមេរិក នៅក្នុងសហគមន៍កសិកម្មនេះ។
លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង និងលោក ឆេង ថុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសំបូរមានជ័យក្នុងភូមិសំបូរ ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគសម្រាប់ពង្រីកការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងស្លឹកគ្រៃ។ ក្នុងពិធីចុះហត្ថលេខាខាងលើក៏មានការអញ្ជើញចូលរួមពីលោកស្រី ចំរើន មុទិតា ប្រធានដឹកនាំគម្រោង CASDP នៃធនាគារពិភពលោក តំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ អង្គភាពជំនាញ អាជ្ញាធរដែនដី ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មសំបូរមានជ័យនិងប្រជាកសិករនៅទីនោះ។
សហគមន៍កសិកម្មសំបូរមានជ័យ បានចុះបញ្ជីលេខ ០០២ កច/ស.ក.ក នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០ មានសមាជិក១៩៨៩នាក់ (ស្រី៨៣៦ នាក់)។ សហគមន៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលខ្សែច្រវាក់ផលិតកម្ម រួមមានការដាំដុះ ការថែទាំ ការប្រមូលផល ការប្រមូលផ្តុំ វេចខ្ចប់ និងកែច្នៃបឋម រហូតដល់ផ្គត់ផ្គង់ទីផ្សារ។