ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ អញ្ជើញពិនិត្យមើលសមិទ្ធផលសហគមន៍តាសីសាមគ្គីសម្រេចបានក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 07 Oct 2024
536
បាត់ដំបង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងារ គណៈប្រតិភូ មន្រ្តីគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងធនាគារពិភពលោក ចុះពិនិត្យសហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង។ សហគមន៍កសិកម្មតាសីសាមគ្គីទទួលបានការគាំទ្រយ៉ាងសំខាន់ពីគម្រោង CASDP និងធនាគារពិភពលោក ដែលបានដើរតួនាទីយ៉ាងសំខាន់រួមចំណែកដល់ភាពជោគជ័យរបស់គម្រោង។
គម្រោង CASDP សហការជាមួយធនាគារពិភពលោក បានគាំទ្រសហគមន៍កសិកម្មតាសីសាមគ្គីក្នុងការធ្វើពិពិធកម្មប្រព័ន្ធកសិកម្ម តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធីដាំបន្លែក្នុងផ្ទះសំណាញ់ កម្មវិធីជំនួយឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងគាំទ្រហិរញ្ញប្បទានកែលម្អហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ដូចជាការកែលម្អប្រព័ន្ធធារាសាស្ត្រ និងផ្លូវកសិកម្ម។ ការកែលម្អទាំងនេះមិនត្រឹមតែបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសហគមន៍ និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញឱ្យមានសុទិដ្ឋិនិយមសម្រាប់គម្រោងនាពេលអនាគតផងដែរ។
នាឱកាសនោះដែរ លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី បានជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ពីប្រវត្តិនៃការធ្វើកសិកម្ម បញ្ហាប្រឈម និងឱកាស និងបានគូសបញ្ជាក់ពីសារសំខាន់នៃកម្មវិធីហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ គាំទ្រដោយគម្រោង CASDP ។ លោកប្រធានសហគមន៍បានឱ្យដឹងថា ជំនួយនេះមិនត្រឹមតែអនុញ្ញាតឱ្យសហគមន៍កសិកម្ម និងសមាជិករបស់ខ្លួនមានលទ្ធភាពពង្រីកផែនការអាជីវកម្ម និងប្រាក់ចំណូលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានត្រួសត្រាយផ្លូវសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរឡើង ដែលជាក្តីសង្ឃឹមសម្រាប់អនាគតកសិកម្មបានប្រសើរជាងមុន។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួួយសមាជិកសហគមន៍ ដើម្បីសិក្សាឈ្វេងយល់បន្ថែមពីការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងការបង្កើតកសិដ្ឋានពហុប្រយោជន៍ឬមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញកសិកម្មរបស់សហគមន៍កសិកម្មតាសីសាមគ្គី។
ក្រោយពីបានស្តាប់ និងមើលលទ្ធផលជាក់ស្តែង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គណៈប្រតិភូបានជក់ចិត្តនឹងទិដ្ឋភាព និងបានសំដែងការពេញចិត្ត និងកោតសរសើរចំពោះវឌ្ឍនភាព ដែលសហគមន៍សម្រេចបាន។ នាឱកាសនោះដែរ គណៈប្រតិភូបានអញ្ជើញពិនិត្យផ្លូវកសិកម្មប្រវែង ៥.៧៥ គ.ម ជាប្រភេទផ្លូវក្រាលកៅស៊ូ (DBST) ដែលកំពុងសាងសង់ បានផ្តល់ភស្តុតាងជាក់ស្តែងនៃការប្តេជ្ញាចិត្តរបស់គម្រោងក្នុងការធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សាររបស់កសិករ។ គណៈប្រតិភូក៏បានដើរមើលទីតាំងផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ទស្សនាជុំវិញកសិដ្ឋានដែលមានដំណាំគ្រប់មុខ និងបានទស្សនាស្រះចិញ្ចឹមត្រី លទ្ធផលជាក់ស្តែង ជាសក្ខីកម្មនៃភាពជោគជ័យរបស់គម្រោងផងដែរ។