ក្រុមហ៊ុន Bronx ទទួលបានកិច្ចសន្យាអនុវត្តការសិក្សាសមិទ្ធលទ្ធភាពដើម្បីអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានកសិកម្ម ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានរៀបចំសិក្ខាសាលានៅជុំទី២

ចេញ​ផ្សាយ​ 07 Oct 2024
125
យុទ្ធសាស្ត្រប្រព័ន្ធព័ត៌មានទីផ្សារកសិកម្ម ឬ AMIS ត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយគម្លាតផ្នែកព័ត៌មានស្តីពីផលិតកម្មកសិកម្ម ទីផ្សារ ស្តុកអាហារ លំហូរពាណិជ្ជកម្ម និងការប្រើប្រាស់។ យុទ្ធសាស្រ្តនេះបង្កើតបានផលប៉ះពាល់ជាវិជ្ជមាន និងភាពជោគជ័យនៅក្នុងទីផ្សារ និងពង្រឹងចំណងទាក់ទងជាមួយសហគមន៍កសិកម្មកាន់តែរឹងមាំ ប្រែក្លាយសហគមន៍កសិកម្មជាផ្នែកមួយសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍វិស័យកសិកម្ម។
ការធ្វើពិពិធកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យា ចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធ ការថែទាំឱ្យបានប្រសើរជាងមុន ការចែករំលែកទិន្នន័យ និងផ្លេតហ្វមទំនាក់ទំនងដ៏ទៃទៀត (API) រវាងប្រព័ន្ធទិន្នន័យគោល ប្រភពទិន្នន័យស្ទួនគ្នា និងការលំបាកក្នុងការថែទាំ នៅតែជាបញ្ហាប្រឈមត្រូវការ ការដោះស្រាយបន្ទាន់ ដូចជា មិនទាន់មានគោលនយោបាយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានស្តង់ដារ ដែលជាឬសគល់នៃបញ្ហាឈានទៅរកការទទួលបានព័ត៌មានមិនត្រឹមត្រូវ ការយល់ច្រឡំ និងគ្មានប្រសិទ្ធភាព។
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៤ នៅសណ្ឋាគារ អេមព្រីសអង្គរ ខេត្តសៀមរាប ក្រុមហ៊ុន Bronx ទទួលបានកិច្ចសន្យាអនុវត្តការសិក្សាសមិទ្ធលទ្ធភាពដើម្បីអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានកសិកម្ម ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានរៀបចំសិក្ខាសាលានៅជុំទី២។ សិក្ខាសាលានេះជាវេទិកាសំខាន់មួយដើម្បីបង្ហាញជូនរបាយការណ៍របកគំហើញ និងដំណោះស្រាយបញ្ហាប្រឈមសំខាន់ៗ បន្ទាប់ពីបានធ្វើការស្ទង់មតិរួចមក។ អង្គសិក្ខាសាលាបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក កើត កិត្តិនាថ អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការ និងជានាយកគម្រោង CASDP លោក ហៃ វាសនា អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប, និងលោក គិត វិសាល អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន BronX Technology និងមានការអញ្ជើញចូលរួមពីដៃគូអភិវឌ្ឍន៍ តំណាងមកពីនាយកដ្ឋានក្រោមឱវាទ ក្រសួងកសិកម្ម ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញផ្នែកប្រព័ន្ធព័ត៌មានកសិកម្មតាមស្មាតហ្វូន។
ក្នុងអង្គសិក្ខាសាលារយៈពេល១ថ្ងៃ អ្នកជំនាញផ្នែកប្រព័ន្ធព័ត៌មានកសិកម្ម (AIS) បានបង្ហាញជូននូវផែនទីបង្ហាញផ្លូវសម្រាប់ដំណោះស្រាយលើបញ្ហាប្រឈមខាងលើ។ វាគ្មិនបានពន្យល់ថា ទិន្នន័យគួរតែត្រូវបានអនុវត្ត ផ្លាស់ប្តូរ/ចែករំលែកនៅក្នុងប្រព័ន្ធឱ្យបានទូលំទូលាយ និងបង្កើតឡើងនូវបណ្តុំបច្ចេកវិទ្យាព័ត៌មានស្តង់ដារ។ តាមរយៈការកំណត់អាទិភាពដល់ប្រភពទិន្នន័យបឋម យើងនឹងអាចធានាថាទិន្នន័យដែលយើងយកមកប្រើពិតជាត្រឹមត្រូវ និងអាចទុកចិត្តបាន។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យត្រូវបានរក្សាការសម្ងាត់ និងមានគុណភាពប្រសើរជាងមុន។ ជាមួយគ្នានេះ សកម្មភាពដែលត្រូវអនុវត្តបន្ទាន់រួមមាន ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ ការបង្កើតគោលនយោបាយព័ត៌មានវិទ្យា ផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញចាំបាច់ ការអនុវត្តផ្ទាំងគ្រប់គ្រងឆ្លាតវៃ ការបង្កើតយុទ្ធសាស្ត្រប្រមូលទិន្នន័យ និង ការបង្កើតការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យ។