គម្រោង CASDP បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រ និងការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី

ចេញ​ផ្សាយ​ 07 Oct 2024
241
កសិករជាស្ត្រីបានដើរតួរសំខាន់ក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា ដោយបានរួមចំណែកដល់ផលិតកម្មកសិកម្ម សន្តិសុខស្បៀង និងសុខុមាលភាពគ្រួសារ។ យោងតាមទិន្នន័យរបស់ក្រសួងផែនការ ប្រជាជនកម្ពុជា ប្រមាណមានជាង ១៧ លាននាក់ ឬ ៣.៩ លានគ្រួសារនៅឆ្នាំ ២០២៣ ក្នុងនោះ ២.៧ លានគ្រួសារ កំពុងប្រកបរបរកសិកម្ម។
ស្របពេលជាមួយគ្នានេះដែរ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ គម្លាតយេនឌ័រក្នុងការទទួលបានធាតុចូលកសិកម្ម និងសេវាបន្ថែម ដូចជាប្រព័ន្ធស្រោចស្រពផលិតកម្មកសិកម្មខ្នាតតូច និងភាពជាម្ចាស់លើការចិញ្ចឹមសត្វនៅតែជាក្តីកង្វល់សម្រាប់ស្រ្តី ដែលគួរមានការលើកទឹកចិត្ត និងប្រឹងប្រែងរួមគ្នាកាត់បន្ថយគម្លាតក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ចំណេះដឹង និងជំនាញក្នុងសម្រេចចិត្តលើការងារកសិកម្ម។
គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) កំពុងធ្វើការងារបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្ម ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសមភាពយេនឌ័រ និងលើកកម្ពស់ការសម្រេចចិត្តរបស់ស្រ្តីក្នុងវិស័យកសិកម្ម តាមរយៈការបញ្រ្ជៀបទស្សនៈទាន និងសកម្មភាពយេនឌ័រទៅក្នុងការអនុវត្តផែនការពិពិធកម្ម និងផែនការអាជីវកម្មរបស់សហគមន៍កសិកម្មដែលទទួលបានហិរញ្ញប្បទានពីគម្រោង CASDP។
ជាក់ស្តែងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤ ក្រុមការងារយេនឌ័ររបស់គម្រោង CASDP បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រ និងការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងនៅសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី ភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ មានសមាជិកសហគមន៍ចំនួន ៣១ នាក់ មកពិីសហគមន៍សាមគ្គីភ្នំពេជ្របុរី និងសហគមន៍កសិកម្មស្តៅអភិវឌ្ឍន៍ ស្ថិតនៅភូមិសុច ឃុំស្តី ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ វគ្គបណ្តុះបណ្តាលបានផ្តោតលើស្ថានភាពរបស់ស្ត្រីក្នុងវិស័យកសិកម្ម សមភាព សមធម៌ និងតួនាទីយេនឌ័រ គោលគំនិតនៃខ្សែសង្វាក់តម្លៃដែលប្រកាន់យកយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ចរបស់ស្រ្តី ដោយអ្នកចូលរួមបានយល់ដឹងយ៉ាងទូលំទូលាយអំពីប្រធានបទខាងលើ។