គណៈកម្មាធិការវាយតម្លៃពិពិធកម្ម និងផែនការអាជីវកម្មបានជួបជាមួយតំណាងសហគមន៍កសិកម្មសំបូរមានជ័យ

ចេញ​ផ្សាយ​ 12 Aug 2024
505
ទោះបីមានការប្រឈមច្រើនក៏ដោយ សហគមន៍កសិកម្មសំបូរមានជ័យនៅតែបានបង្ហាញពីភាពធន់ក្នុងវិស័យផលិតកម្មកសិកម្មរបស់ខ្លួនគួរអោយកត់សម្គាល់។ បញ្ហាប្រឈមទាំងនេះរួមមានការធ្លាក់ចុះនៃតម្រូវការទីផ្សារ ស្តង់ដារផលិតកម្មមានកម្រិតទាប ដំណាំមានការខូចខាតមួយអន្លើរ ការប្រមូលផលបានធ្លាក់ចុះដោយសារការប្រែប្រួលអាកាសធាតុ និងមានតម្រូវការផ្នែកបច្ចេកទេសវេចខ្ចប់ និងកែច្នៃបន្ថែមទៀត។
សហគមន៍កសិកម្មសំបូរមានជ័យ បានលើកសំណើលំអិតដាក់ជូនគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។ សំណើនេះមានគោលបំណងពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យឌីជីថល បង្កើតប្រព័ន្ធកែច្នៃផលិតផលកសិកម្ម ការវេចខ្ចប់ផលិតផលកសិកម្ម និងធ្វើទំនើបកម្មប្រព័ន្ធស្រោចស្រព។
ឆ្លើយតបតាមសំណើរខាងលើ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ គណៈកម្មាធិការវាយតម្លៃពិពិធកម្ម និងផែនការអាជីវកម្មបានជួបជាមួយតំណាងសហគមន៍កសិកម្មសំបូរមានជ័យ មានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីពិនិត្យ និងវាយតម្លៃលើផែនការពិពិធកម្ម និងផែនការអាជីវកម្ម ដែលសហគមន៍កសិកម្មបានដាក់ជូនគម្រោងពិពិធកម្មកសិកម្មកម្ពុជា។
កិច្ចប្រជុំខាងលើ ដឹកនាំដោយ លោក យ៉ន សម្បត្តិ ប្រធានគ្រប់គ្រងគម្រោង CASDP នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងដោយមានការចូលរួមពីលោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), លោក ទិត្យ សុផា ប្រធានគ្រប់គ្រងគម្រោង CASDP នៃក្រសួងអភិវឌ្ឍន៍ជនបទ (MRD), លោក ហ៊ុយ វ៉ាន់ថា ប្រធានគ្រប់គ្រងគម្រោង CASDP នៃក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) រួមទាំងអស់លោក សមាជិកគណៈកម្មការវាយតម្លៃមកពីសភាពាណិជ្ជកម្មកម្ពុជា សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម លោកអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ កងកម្លាំង អាជ្ញាធរដែនដីនិងអស់លោក លោកស្រីថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម សំបូរមានជ័យ សរុបចំនួន ៧០នាក់។
តាមរបាយការណ៍ សហគមន៍កសិកម្មសំបូរមានជ័យ មានសមត្ថភាពអាចផលិតគល់ស្លឹកគ្រៃ ល្ហុង ននោង ត្រឡាច ល្ពៅ ស្លឹកបាស ត្រកួន ស្ពៃ និងត្រយូងចេក បានប្រហែល ៥០០០ តោន ក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
បច្ចុប្បន្ននេះ សហគមន៍កសិកម្មសំបូរមានជ័យ បានចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០ ហើយមានសមាជិកចូលរួមជាផ្លូវការសរុបចំនួន ១ ៩៨៩ នាក់ (ស្ត្រី ៨៣៦ នាក់) និងមានដើមទុនសរុបប្រមាណជា ៣០០០ ០០០ ០០០ រៀល ស្មើនឹង ៧៥០ ០០០ ដុល្លារអាម៉េរិក ហើយសហគមន៍កំពុងសម្របសម្រួលបង្កើតក្រុមផលិតស្លឹកគ្រៃសុវត្ថិភាព ដែលមានសមាជិកមកពី ១២០ គ្រួសារ និងកំពុងដាំដុះស្លឹកគ្រៃនៅតាមកសិដ្ឋាន និងដីស្រែ/ចំការ ក្នុងផ្ទៃដីប្រមាណជា ៣២ ហិកតា និងបានប្រមូលផ្តុំកសិផលទាំងនោះនៅទីកន្លែងប្រមូលផ្តុំរបស់សហគមន៍ ដើម្បីលក់បន្តទៅឱ្យអ្នកប្រមូលទិញ។