គម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយខ្សែបន្ទាត់ឥណទានសម្រាប់សហគមន៍កសិកម្ម និងសមាជិកជាផលិតករ ព្រមទាំងកសិធុរកិច្ចខ្នាតតូច និងមធ្យម

ចេញ​ផ្សាយ​ 12 Aug 2024
464
សៀមរាប៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប គម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយខ្សែបន្ទាត់ឥណទានសម្រាប់សហគមន៍កសិកម្ម និងសមាជិកជាផលិតករ ព្រមទាំងកសិធុរកិច្ចខ្នាតតូច និងមធ្យម ដើម្បីពង្រីកសេវាផ្តល់ប្រាក់កម្ចីឱ្យបានដល់សហគមន៍កសិកម្ម និងសមាជិកជាផលិតករ ព្រមទាំងកសិធុរកិច្ចខ្នាតតូច និងមធ្យម តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានស្តីពីនីតិវិធី អត្រាការប្រាក់ និងលក្ខខណ្ឌកំណត់ សំដៅទទួលបានប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមជាមួយគម្រោង (PFIs) នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។
អង្គសិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យ៉ន សម្បត្តិ ប្រធាននាយកដ្ឋានប្រសិទ្ធភាពចំណាយ និងជាប្រធានគណៈកម្មការវាយតម្លៃនៃគម្រោង CASDP នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ុយ វ៉ាន់ថា ប្រធានគ្រប់គ្រងគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម និងលោក ទិទ្យ សុផា ប្រធានគ្រប់គ្រងគម្រោង CASDP នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងសមាជិកសមាជិការតំណាងអង្គភាពអនុវត្តគម្រោង សហគមន៍កសិកម្ម និងក្រុមអ្នកផលិតសរុបប្រមាណ៦០រូប។
បន្ទាត់ឥណទានជាឧបករណ៍លំហូរសាច់ប្រាក់ដ៏សំខាន់សម្រាប់ទាំងកសិករចាប់ផ្តើមបង្កើតមុខរបរថ្មីថ្មោង និងអ្នកផលិតដែលមានបទពិសោធន៍រួចហើយ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃបន្ទាត់ឥណទានដែលកសិករគួរតែយល់ដឹងអ្វីដែលគួរធ្វើ និងមិនគួរធ្វើ ដែលចំណេះដឹងនេះនឹងជួយពួកគេគេចផុតពីហានីភ័យក្នុងអំឡុងពេលមានការប្រែប្រួលទីផ្សារកសិផលដែលពួកគេកំពុងប្រឈម។ សិក្ខាសាលាថ្ងៃនេះផងដែរបានអនុញ្ញាតឱ្យអ្នកចូលរួមទាំងអស់ អាចបង្ហាញពីផលិតផលរបស់ខ្លួន ព្រមទាំងទទួលបានបទពិសោធន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងការពិភាក្សាពីបញ្ហាប្រឈមក្នុងការទទួលបានឥណទានសម្រាប់ដំណោះស្រាយអាជីវកម្មរបស់ខ្លួន។
ប្រធានបទដែលបានបង្ហាញក្នុងអង្គសិក្ខាសាលារយៈពេល២ថ្ងៃរួមមាន៖ បទពិសោធន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគមន៍កសិកម្ម (AC) និងកសិធុរកិច្ចខ្នាតតូច និងមធ្យម (SMA), បញ្ហា ឬឧបសគ្គក្នុងការទទួលបានហិរញ្ញប្បទានឥណទាន, តម្រូវការហិរញ្ញប្បទានឥណទានសម្រាប់សហគមន៍កសិកម្ម និងសមាជិក, និងកសិធុរកិច្ចខ្នាតតូច និងមធ្យម និងការស្នើសុំឱ្យមានអន្តរាគមន៍ជួយគាំទ្រដល់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែច្រវាក់តម្លៃ។
អង្គសិក្ខាសាលាក៏បានផ្សព្វផ្សាយពី៖ខ្សែបន្ទាត់ឥណទានរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា (ច្រកទូទៅ និងច្រកពិពិធកម្ម), ការទទួលបានហិរញ្ញប្បទានឥណទាន ដោយសហគមន៍កសិកម្ម និងកសិធុរកិច្ចខ្នាតតូចនិងមធ្យម និងកសិករ ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងចំណេះដឹងហិរញ្ញវត្ថុសម្រាប់សហគមន៍កសិកម្ម និងកសិធុរកិច្ចខ្នាតតូច និងមធ្យម។
សិក្ខាកាមទាំងអស់បានទទួលអនុសាសន៍ និងបទពិសោធន៍ដែលមាន សារៈប្រយោជន៍ដល់ភាគីពាក់ព័ន្ធក្នុងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងការផ្តល់លទ្ធភាពឱ្យសហគមន៍កសិកម្ម និងសមាជិក និងកសិធុរកិច្ចខ្នាតតូច និងមធ្យមទទួលបានហិរញ្ញប្បទានឥណទាន។ ម៉្យាងវិញទៀត អ្នកចូលរួមទាំងអស់នឹងបានសិក្សាស្វែងយល់បន្ថែមពីតម្រូវការឥណទាន និងផ្នែកនៃកិច្ចសហការណ៍បន្ថែមរវាង PFIs ជាមួយក្រុមការងារគម្រោងCASDP។