ពិធីបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រព័ន្ធស្រោចស្រពកញ្ចប់ទី១៖ សហគមន៍កសិកម្មព្រះរំកិល និងសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង

ចេញ​ផ្សាយ​ 24 Jul 2024
571
កំពង់ចាម៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម ជាអង្គភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានរៀបចំបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រព័ន្ធស្រោចស្រពកញ្ចប់ទី១ នៅសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង ស្ថិតក្នុងភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ អង្គពិធីបើកការដ្ឋានបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក តាំង សុផាត នាយកគម្រោង និងលោក ហ៊ុយ វ៉ាន់ថា ប្រធានគ្រប់គ្រងគម្រោង លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ន សម្បត្តិ ប្រធាននាយកដ្ឋានប្រសិទ្ធភាពចំណាយ និងជាប្រធានគណៈកម្មការវាយតម្លៃនៃគម្រោង CASDP នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសមាជិកសមាជិការតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ សហគមន៍កសិកម្ម ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ៦០រូប។
ហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រព័ន្ធស្រោចស្រព ដែលត្រូវបានអនុម័តសម្រាប់កញ្ចប់ទី១នេះ ជាគម្រោងអនុវត្តក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក តាមរយៈគម្រោង CASDP ឆ្លើយតបទៅនឹងតម្រូវការបង្កើនការផ្គត់ផ្គង់ទឹករបស់សហគមន៍កសិកម្ម ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកសម្រាប់ផលិតកម្មស្លឹកគ្រៃ ដែលបណ្តាលមកពីការប្រែប្រួលនៃរបបទឹកភ្លៀង និងការប្រែប្រួលអាកាសធាតុ តាមរយៈការសាងសង់ និងការស្តារឡើងវិញនូវប្រព័ន្ធចែកចាយទឹកខ្នាតតូចប្រើថាមពលពន្លឺព្រះអាទិត្យ។ ក្រសួងធនធានទឹក និងឧតុនិយម ជាអង្គភាពអនុវត្តអនុគម្រោងចាប់ពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ និងក្រុមហ៊ុន Nguon Pichrachana Design and Construction Co., Ltd ទទួលបានកិច្ចសន្យាសាងសង់កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
ពិធីបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធស្រោចស្រពក្រៅកសិដ្ឋានកញ្ចប់ទី១នៅថ្ងៃនេះ សម្រាប់ដំណើរការអនុវត្តការងារសាងសង់នៅការដ្ឋានចំនួន២ ទីតាំងផ្សេងគ្នា៖ទី១, គម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធបូមទឹកក្រោមដីប្រើថាមពលពន្លឺព្រះអាទិត្យ សម្រាប់សហគមន៍កសិកម្មព្រះរំកិល ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង និងការដ្ឋានទី២សម្រាប់គម្រោងកែលម្អស្រះទឹកសហគមន៍ ដោយបំពាក់នូវប្រព័ន្ធបូមទឹកក្រោមដីប្រើថាមពលពន្លឺព្រះអាទិត្យសម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង ស្ថិតក្នុង ភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
គម្រោងពិពិធកម្មកសិកម្មកម្ពុជា កំពុងគាំទ្រសហគមន៍កសិកម្មនៅខេត្តគោលដៅចំនួន១៣ រួមមាន៖ ខេត្តកំពង់ឆ្នាំង សៀមរាប ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ បាត់ដំបង ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងរាជធានីភ្នំពេញ តាមរយៈ៖ (១). ការផ្តល់កិច្ចគាំទ្រទាំងបច្ចេកទេស សម្ភារៈ និងហិរញ្ញវត្ថុ (ការផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤0%) និងហិរញ្ញប្បទានឥណទាន) សម្រាប់ការធ្វើពិពិធកម្មកសិកម្មនៅសហគមន៍កសិកម្ម, (២). ផ្តល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈរួមមានប្រព័ន្ធស្រោចស្រព និងផ្លូវជនបទ, (៣). ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព័ត៌មានកសិកម្ម ការគ្រប់គ្រង និងការត្រួតពិនិត្យគុណភាពកសិផល, (៤). ការគ្រប់គ្រងសម្របសម្រួលតាមដាន និងវាយតម្លៃគម្រោង, និង(៥). ការឆ្លើយតបនឹងការសង្គ្រោះបន្ទាន់ចំពោះស្ថានភាពអាសន្ន។