ផ្លូវកសិកម្មចំនួន៦ ខ្សែ ស្មើនឹង ២៥.៦៧គ.ម សម្រាប់សហគមន៍កសិកម្មចំនួន៤ នៅស្រុកជ័យសែន និងស្រុកគូលែន ខេត្តព្រះវិហារ នឹងត្រូវបានកែលម្អក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 18 Jul 2024
951
ខណៈដែលការស្ថាបនាផ្លូវកសិកម្មពិតជាមានភាពចាំបាច់ដល់ដំណើរការអភិវឌ្ឍន៍ជនបទ ហានិភ័យតែងកើតមានឡើងជាធម្មតា។ ដើម្បីកាត់បន្ថយហានិភ័យ សកម្មភាពត្រួតពិនិត្យបឋមលើផលប៉ះពាល់បរិស្ថាន និងសង្គមនៅក្នុងដំណាក់កាលរៀបចំផែនការពិពិធកម្មកសិកម្ម (DPl) សកម្មភាពរៀបចំឧបករណ៍ផលប៉ះពាល់បរិស្ថាន (ESCOP, ESMP, VLD) ការពិនិត្យ និងកែសម្រួលឯកសារគាំពារបរិស្ថាន និងសង្គម ការអនុវត្ត និងត្រួតពិនិត្យ ជាយន្នការត្រូវអនុវត្តមុនពេលស្ថាបនាផ្លូវបានចាប់ផ្តើមតាមដំណាក់កាលនីមួយៗ សំដៅដោះស្រាយបញ្ហាប្រឈមនានា។
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារគាំពារបរិស្ថាន និងសង្គម ដឹកនាំដោយក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យមើលទីតាំងជាក់ស្តែងនៅខេត្តព្រះវិហារ ដែលគ្រោងនឹងស្ថាបនាកែលម្អផ្លូវកសិកម្មចំនួន ៦ ខ្សែ ស្មើនឹង ២៥.៦៧គ. សម្រាប់សហគមន៍កសិកម្មចំនួន ៤ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទីតាំងនៅខេត្តព្រះវិហារ, ក្នុងនោះផ្លូវប្រវែង ៧.១១គ.មសម្រាប់សហគមន៍កសិកម្មស្រ្តីរតនៈ ៥គ.មសម្រាប់សហគមន៍កសិកម្មតស៊ូ មកពីស្រុកជ័យសែនដូចគ្នា, ៨.០៩គ.មសម្រាប់សហគមន៍កសិកម្មលើកកម្ពស់កសិករ និង៥.៤៧គ.មសម្រាប់សហគមន៍កសិកម្មភ្នំពេជ្របូរី មកពីស្រុកគូលែន។ ក្រសួងអភិវឌ្ឍន៍ជនបទជាអង្គភាពទទួលបន្ទុកលើការងារគ្រប់គ្រងស្ថាបនាផ្លូវខាងលើ។
ក្នុងពេលជួបពិភាក្សាជាមួយតំណាងសហគមន៍ និងប្រជាពលរដ្ឋអ្នកទទួលផល ក្រុមការងារគាំពារបរិស្ថាន និងសង្គមបានធ្វើការណែនាំតម្រង់ទិសដល់អ្នកទទួលម៉ៅការ តំណាងមន្ទីរកសិកម្មខេត្ត និងអជ្ញាធរមូលដ្ឋានស្តីពីការត្រៀមរៀបចំការពារផលប៉ះពាល់បរិស្ថាន និងសង្គម មុនដំណើរការអនុវត្តគម្រោង។ ការត្រៀមរៀបចំការពារផលប៉ះពាល់នេះ មានគោលដៅធានាឱ្យដំណើរការស្ថាបនាផ្លូវកសិកម្មខាងលើទទួលបានជោគជ័យ ជួួយឱ្យការងារអនុវត្តសាងសង់មានសុវត្ថិភាព និងកាត់បន្ថយហានិភ័យពីគ្រោះថ្នាក់ ឬរបួសស្នាមដែលអាចកើតមានឡើងជាយថាហេតុក្នុងដំណាក់កាលណាមួយ។
តាមផែនការ បន្ទាប់ពីស្ថាបនារួច ផ្លូវកសិកម្មទាំង៦ខ្សែនេះនឹងជួយសមាជិកសហគមន៍កសិកម្ម កសិករ និងអ្នកផលិត អាចដឹកកសិផលទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស កាត់បន្ថយថ្លៃដើមដឹកជញ្ជូន បង្កើនប្រាក់ចំណូលគ្រួសារ ជម្រុញកំណើនសេដ្ឋកិច្ចសហគមន៍ មានជីវភាពធូធារជាងមុន។