ក្រុមការងារយេនឌ័ររបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបញ្ជ្រៀបយេនឌ័រ និងការលើកកំពស់ស្រ្តីក្នុងផលិតកម្មខ្សែច្រវាក់តម្លៃកសិកម្ម

ចេញ​ផ្សាយ​ 18 Jul 2024
626
ស្ត្រី និងយុវតីនៅក្នុងសហគមន៍កសិកម្មនៅកម្ពុជាប្រឈមមុខនឹងបញ្ហាមួយចំនួនទាក់ទងនឹងយេនឌ័រ រួមមានការទទួលបានឱកាសសេដ្ឋកិច្ចតិចតួច និងមានប្រាក់ចំណូលទាបដោយសារបទដ្ឋានប្រពៃណី និងទំលាប់។ បញ្ហាប្រឈមទាំងនេះ តែងកើតមានឡើងកក្នុងដំណើរការផលិតកម្ម និងការងារកសិកម្ម ដែលចាំបាច់ត្រូវបញ្ជ្រៀបយេនឌ័រទៅក្នុងវិស័យកសិកម្មមានបរិយាបន្ននាពេលអនាគត។
ជាក់ស្តែងគម្រោង CASDP បានគិតគូរយ៉ាងច្បាស់ក្នុងការបញ្ជ្រៀបយេនឌ័រទៅក្នុងគ្រប់សកម្មភាពអនុវត្តទាំងអស់។ នេះជាវិធីសាស្រ្តសំខាន់ដែលអាចបង្កើនផលិតភាព ប្រាក់ចំណូលគ្រួសារ និងកំណើនសេដ្ឋកិច្ចជាតិ។ គម្រោងបានផ្តោតលើការបង្កើនសមត្ថភាពផ្នែកយេនឌ័រ និងការដោះស្រាយឧបសគ្គរបស់ស្ត្រី តាមរយៈ ការរៀបចំវគ្គបណ្តុះបណ្តាល ការរៀបចំចងក្រងឯកសារផ្សព្វផ្សាយ និងការលើកកម្ពស់តួនាទីស្ត្រីជាគំរូនូវរាល់គំនិតផ្តួចផ្តើមនានាសម្រាប់ការបញ្ជ្រៀបយេនឌ័រទៅក្នុងវិស័យកសិកម្ម។ វិធីសាស្រ្តទាំងនេះនឹងនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើន និងមានសារៈសំខាន់សម្រាប់ដំណើរការអនុវត្តកសិកម្ម។
ជាមួយនឹងការប្តេជ្ញាចិត្តឥតងាករេ ក្រុមការងារយេនឌ័ររបស់គម្រោង CASDP បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីសម្រាប់សហគមន៍កសិកម្មចំនួនពីររយៈពេលពីរថ្ងៃ គឺថ្ងៃទី 0៨ ដល់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៤ នៅខេត្តបាត់ដំបង។ កម្មវិធីបណ្តុះបណ្តាលនេះបានធ្វើឱ្យអ្នកចូលរួមទាំងអស់បានយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់របស់យេនឌ័រ។ សិក្ខាកាមចំនួន៥៤នាក់មកពីសហគមន៍ចំនួនពីរក្នុងខេត្ត ក្នុងនោះសមាជិកចំនួន២៦ នាក់ មានស្ត្រី១៧ នាក់មកពីសហគមន៍កសិកម្មតាសីសាមគ្គី និង សមាជិកចំនួន២៨ នាក់ ស្ត្រី៨ នាក់ មកពីសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា និងតំណាងមកពីគណៈកម្មាធិការឃុំដើម្បីស្ត្រី និងកុមារ (CCWC) ក៏បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។
ប្រធានបទសម្រាប់វគ្គបណ្តុះបណ្តាលនេះ បានបង្ហាញពីស្ថានភាពស្រ្តីនាពេលបច្ចុប្បន្នក្នុងវិស័យកសិកម្ម គោលគំនិតនៃសមភាព សមធម៌ និងតួនាទីយេនឌ័រ ការពិចារណារបញ្ជ្រៀបយេនឌ័រទៅក្នុងខ្សែសង្វាក់តម្លៃ និងយុទ្ធសាស្ត្រសម្រាប់ពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចរបស់ស្ត្រី។ ប្រធានបទនីមួយៗមានសារៈសំខាន់សម្រាប់ការលើកកម្ពស់យេនឌ័រនៅក្នុងវិស័យកសិកម្មប្រកបដោយបរិយាបន្ន។
ក្នុងអំឡុងពេលបណ្តុះបណ្តាល សិក្ខាកាមបានយល់ដឹងអំពីការធ្វើផែនការដោយរួមបញ្ជូលយេនឌ័រ និងការបញ្ជ្រាបយេនឌ័រទៅក្នុងខ្សែច្រវាក់ផលិតកម្ម។ យុទ្ធសាស្រ្តនេះ បានបញ្ជ្រៀបយេនឌ័រទៅក្នុងអង្គប្រតិបត្តិទាំងអស់រួមមាន ក្រុមអ្នកផលិត អ្នកកែច្នៃ និងអ្នកចែកចាយ អ្នកទីផ្សារ និងអ្នកប្រើប្រាស់។ យុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រទៅក្នុងផលិតកម្មខ្សែសង្វាក់តម្លៃ ជាគោលគំនិតដែលបានធានាថាការពិចារណាយេនឌ័រនឹងត្រូវបានដាក់បញ្ចូលទៅក្នុងដំណើរការផលិតកម្មនីមួយៗ មានគោលបំណងធានាសមភាពនៃការសម្រេចចិត្តលើផលិតកម្ម ការធ្វើផែនការ ការគ្រប់គ្រងចំណូល ការចំណាយ ភាពជាអ្នកដឹកនាំក្នុងសហគមន៍កសិកម្ម និងអំណាចនៃការចរចាជាមួយឈ្មួញ។