គម្រោងពិពិធកម្មកសិកម្មកម្ពុជា និងសហគមន៍កសិកម្មកន្រ្ទាំងបល្ល័ង្ករស្មីស្រ្តីសាមគ្គីខេត្តសៀមរាប ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគលើការកែលម្អខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់

ចេញ​ផ្សាយ​ 05 Jul 2024
441
ខេត្តសៀមរាប៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ គម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគមន៍កសិកម្មកន្រ្ទាំងបល្ល័ង្ករស្មីស្រ្តីសាមគ្គី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ដើម្បីកែលម្អខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។
ក្នុងនាមលោកបណ្ឌិត សរ ចិត្រា នាយកគម្រោង លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះឡើង និងសូមវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការលះបង់របស់អ្នកពាក់ព័ន្ធគ្រប់រូប។ កិច្ចព្រមព្រៀងបានប្រព្រឹត្តិទៅនៅទីស្នាក់ការសហគមន៍កសិកម្មកន្រ្ទាំងបល្ល័ង្ករស្មីស្រ្តីសាមគ្គីខេត្តសៀមរាប ភូមិពង្រ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាព លោកណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោកស្រី ជឿន គឹមស៊ីប ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មកន្រ្ទាំងបល្ល័ង្ករស្មីស្រ្តីសាមគ្គី និងមានការអញ្ជើញចូលរួមដោយលោក លោកស្រីតំណាងអង្គភាពអនុវត្តគម្រោង មន្រ្តីគម្រោង ទីប្រឹក្សា និងអាជ្ញាធរមូលដ្ឋាន ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានាឱកាសនោះ។
កិច្ចព្រមព្រៀងនៅថ្ងៃនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សហការជាមួយធនាគារពិភពលោក ដើម្បីតម្រង់ទិសដល់សហគមន៍កសិកម្ម និងសមាជិក ក្នុងការផលិតបន្លែ សុវត្ថិភាពដែលធន់នឹងការបប្រែប្រួលអាកាសធាតុសម្រាប់ផ្គត់ផ្គង់ទីផ្សារប្រកបដោយការប្រកួតប្រជែង ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់កម្រិតជីវភាពរស់នៅកាន់តែប្រសើរឡើងដោយនិរន្តរភាព។ ។
ក្នុងផែនការសកម្មភាព សហគមន៍កសិកម្មមានផែនការសាងសង់ផ្ទះសំណាញ់៥៣ខ្នង ជីកអណ្តូងទឹក១ គោយន្ត១គ្រឿង និងម៉ាស៊ីនវាយបំបែកដី៣គ្រឿង។ល។
ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ដែលគម្រោងបានឯកភាពផ្តល់ជូនមានទឹកប្រាក់ចំនួន ចំនួន ៦៥ ៨២០ ដុល្លារអាមេរិក ស្មើនឹង៤០% នៃទុកវិនិយោគសរុបសម្រាប់ការអនុវត្តរយៈពេល១ឆ្នាំ (២០២៤ -២០២៥)។ ការរួមចំណែកយ៉ាងសំខាន់របស់លោក លោកស្រីជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីអនុវត្តផែនការធុរកិច្ចឱ្យទទួលបានជោគជ័យ ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់លោកអ្នក។