លោកស្រី Anna Wellenstein បានអញ្ជើញធ្វើទស្សនកិច្ចនៅសហគមន៍កសិកម្មកន្រ្តាំងបល័ង្កស្រ្តីសាមគ្គី ស្ថិត នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប

ចេញ​ផ្សាយ​ 03 Jul 2024
446
សៀមរាប៖ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ លោកស្រី Anna Wellenstein នាយិកាទទួលបន្ទុកកម្មវិធីអភិវឌ្ឍន៍ដោយចីរភាព ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក បានអញ្ជើញធ្វើទស្សនកិច្ចនៅសហគមន៍កសិកម្មកន្រ្តាំងបល័ង្កស្រ្តីសាមគ្គី ស្ថិតនៅស្រុក ប្រាសាទបាគង ខេត្តសៀមរាប។ អញ្ជើញអមដំណើរទស្សនកិច្ចរួមមាន លោកជុំទាវ មុទិតា ចំរើន ប្រធានក្រុមការងារគម្រោង CASDP នៃធនាគារពិភពលោក និងសហការី លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងតំណាងមកពីអង្គភាពអនុវត្តគម្រោង (IAs) រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម (MoWRAM) និងក្រុមការងារគម្រោង។
លោកស្រី Anna Wellenstein បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហការីទាំងអស់ដែលបានអនុញ្ញាតិឱ្យលោកស្រីបានជួបកសិករជាសមាជិគសហគមន៍កសិកម្ម និងបានសិក្សាស្វែងយល់បន្ថែមអំពីអាជីវកម្មដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដែលគម្រោងពិពិធកម្មកសិកម្មកម្ពុជាគ្រោងនឹងគាំទ្រ។ ជំនួបនេះដែលនឹងផ្តល់ភាពកក់ក្តៅបន្ថែមទៀតដល់សមាជិកសហគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់គម្រោងជាមួយសហគមន៍កសិកម្ម។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកស្រីបានជួបគ្រួសារមួយដែលជាសមាជិកសហគមន៍កសិកម្មកំពុងដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងដាំដុះដំណាំរួមផ្សំជាច្រើនមុខផ្សេងទៀតនៅជុំវិញទីធ្លាខាងក្រោយរបស់គាត់។ ជាមួយគ្នានេះដែរ លោកស្រី និងសហការីបានឈរនៅលើផ្លូវកសិកម្មដែលនឹងត្រូវបានកែលម្អក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់គម្រោង CASDP ។
តាមរយៈដំណើរទស្សនកិច្ចនេះដែរ លោកស្រីបានសម្តែងការពេញចិត្តចំពោះគម្រោង CASDP ជាពិសេសគម្រោងផ្ទះសំណាញ់ ដែលសមាជិកសហគមន៍អាចទទួលបានអត្ថប្រយោជន៍ទ្វេរដង មានលទ្ធភាពបង្កើនទិន្នផល និងកាត់បន្ថយហានិភ័យនៃការខូចខាតដំណាំ និងទទួលបានកំណើនប្រាក់ចំណូល។ ក្រោមហេតុផលទាំងនេះទើបធ្វើឱ្យលោកស្រីសប្បាយចិត្ត ជាពិសេសការយល់ដឹងរបស់សមាជិកសហគមន៍កសិកម្មលើភាពធន់ទៅនឹងអាកាសធាតុ តាមរយៈការប្រើផ្ទះសំណាញ់ ដែលអនុញ្ញាតឱ្យកសិករទទួលបានទិន្នផលខ្ពស់ទាំងនៅរដូវវស្សា និងរដូវប្រាំង។
តាមរយៈគម្រោង CASDP លោកស្រីបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេក្នុងការបន្តគាំទ្រសហគមន៍កសិកម្ម ដើម្បីជំរុញកម្មវិធីពិពិធកម្មកសិកម្មនៅកម្ពុជា។ លោកស្រីបានបង្ហាញនូវទំនុកចិត្តលើសក្ដានុពលរបស់សហគមន៍ថានឹងទទួលបានជោគជ័យ ដែលលោកស្រីមានជំនឿថានឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដ៏សំខាន់នៅក្នុងវិស័យកសិកម្ម។ លោកស្រីបានជូនពរសមាជិកទាំងអស់របស់សហគមន៍ឱ្យទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលល្អក្នុងការអនុវត្តផែនការកសិអាជីវកម្មនាពេលខាងមុខ និងមាននិរន្តរភាពយូរអង្វែង។