ថ្នាក់ដឹកនាំគម្រោង អញ្ជើញពិនិត្យមើលសមិទ្ធផលសហគមន៍តាសីសាមគ្គីសម្រេចបានក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 03 Jul 2024
299
គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) សហការជាមួយធនាគារពិភពលោក បានយកចិត្តទុកដាក់ទៅលើការធ្វើពិពិធកម្មប្រព័ន្ធកសិកម្ម ដើម្បីបង្កើនភាពធន់នៃរបបទឹកភ្លៀង និងគ្រោះរាំងស្ងួត។ ជាក់ស្តែងគម្រោងបានដាក់ឱ្យអនុវត្តកម្មវិធីដាំបន្លែក្នុងផ្ទះសំណាញ់សម្រាប់សហគមន៍កសិកម្មតាសីសាមគ្គី ស្រុកថ្មគោល ខេត្តបាត់ដំបង តាមរយៈកម្មវិធីជំនួយឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងគាំទ្រហិរញ្ញប្បទានកែលម្អហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ដូចជាការកែលម្អប្រព័ន្ធធារាសាស្ត្រ និងផ្លូវកសិកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ពីដៃគូអនុវត្ត។ ជាការតបស្នង សហគមន៍កសិកម្មក៏បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគម្រោងដែលបានរួមចំណែកជាមួយសហគមន៍ទទួលបានជោគជ័យ។
ឆ្នាំ២០២៤នេះឈានចូលដល់ឆ្នាំទី៥នៃការអនុវត្តគម្រោង CASDP យើងពិតជាមានមោទនភាពចំពោះវឌ្ឍនភាពសំខាន់ៗដែលសហគមន៍កសិកម្មតាសីសាមគ្គីសម្រេចបាន។ ជាក់ស្តែងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងជានាយកគម្រោង CASDP រួមជាមួយលោកជំទាវ មុទិតា ចំរើន ប្រធានក្រុមការងារគម្រោង CASDP នៃធនគារពិភពលោក និងសហការី និងលោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានអញ្ជើញចុះពិនិត្យសមិទ្ធផលនានា ដែលសហគមន៍កសិកម្មតាសីសាមគ្គីសម្រេចបាន និងបានជួបសំណេះសំណាលជាមួយលោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី។ ក្នុងឱកាសនោះ ក្រុមការងារគម្រោងកោតសរសើរចំពោះវឌ្ឍនភាពក្នុងពេលទស្សនាជុំវិញកសិដ្ឋាន។
តាមរយៈសមិទ្ធផលនេះដែរ គម្រោងពិតជាបានដើរតួនាទីសំខាន់ចូលរួមធ្វើឱ្យមានការផ្លាស់ប្តូ។ សម្រាប់សហគមន៍វិញក៏បានប្រឹងអស់ពីសមត្ថភាពក្នុងការផ្សព្វផ្សាយ រៀបចំឱ្យមានការបណ្តុះបណ្តាលបច្ចេកទេស ការគ្រប់គ្រងកសិដ្ឋានបែបទំនើប និងកម្មវិធីពង្រឹងសមត្ថភាព ជាសក្ខីភាពច្បាស់លាស់ ដែលសហគមន៍រួមដំណើរជាមួយគម្រោង និងជាកត្តាកំណត់នូវភាពជោគជ័យ ជាម៉ូឌែលល្អក្នុងវិស័យផលិតកម្មកសិកម្មដែលសហគមន៍មានមកដល់សព្វថ្ងៃនេះ។
គម្រោង CASDP បានប្តេជ្ញាគាំទ្រសហគមន៍កសិកម្មតាសីសាមគ្គីក្នុងការផ្តល់ជំនួយហិរញ្ញប្បទាន តាមតម្រូវការស្របតាមគោលដៅ ដល់សហគមន៍កសិកម្ម កសិករជាសមាជិក ភ្នាក់ងារទីផ្សារ និងកិច្ចសម្របសម្រួលកម្ចីជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងករណីសហគមន៍ឬសមាជិកមានតម្រូវការ។ ការបន្តគាំទ្រនេះ បន្ថែមទំនុកចិត្តលើប្រសិទ្ធភាពគាំទ្រ និងគុណតម្លៃរបស់គម្រោង ដោយធានាថាការគាំទ្រនេះនឹងត្រួសត្រាយផ្លូវសម្រាប់សហគមន៍កសិកម្មមាននិរន្តរភាពយូអង្វែងសម្រាប់សមាជិកផង និងសហគមន៍ទាំងមូល។