គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់អនុវត្តផែនការពិពិធកម្មរបស់សហគមន៍កសិកម្ម

ចេញ​ផ្សាយ​ 21 Jun 2024
252
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ដល់សហគមន៍កសិកម្ម ក្រុមអ្នកផលិត កសិពាណិជ្ជករ និងអ្នកពាក់ព័ន្ធអំពីឱកាសទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈគាំទ្រដល់ការធ្វើពិពិធកម្មកសិកម្ម។ ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគមានគោលដៅជួយសហគមន៍កសិកម្មបង្កើតប្រាក់ចំណូល និងឱកាសអភិវឌ្ឍន៍នៅមូលដ្ឋាន។
សិក្ខាសាលានេះដឹកនាំដោយលោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីតំណាងភ្នាក់ងារអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមានការចូលរួមផងដែរពីអ្នកផ្តល់សេវាបច្ចេកទេសសម្រាប់ការងារខ្សែរច្រវ៉ាក់ផលិតកម្ម ប្រធានក្រុមប្រឹក្សាភិបាល គណកម្មការ និងសមាជិកសហគមន៍ចំនួន៨ សហគមន៍កសិកម្ម បានអញ្ជើញចូលរួម និងត្រូវបានលើកទឹកចិត្តឱ្យចែករំលែកទស្សនៈទាន និងបទពិសោធន៍លើការងារកសិកម្ម ដែលសមាជិកសហគមន៍កសិកម្មទាំងនោះនឹងដើរតួសំខាន់ក្នុងដំណើរការរៀបចំផែនការ និងគម្រោងនាពេលខាងមុខ។
អង្គសិក្ខាសាលាមានគោលបំណងផ្សព្វផ្សាយពីដំណើរការនៃការរៀបចំផែនការពិពិធកម្ម និងផែនការធុរកិច្ចដល់សហគមន៍កសិកម្មដែលមានសក្តានុពលដើម្បីទទួលបានការគាំទ្រពីគម្រោង។ យុទ្ធសាស្រ្តនេះ នឹងពង្រឹងសមត្ថភាពសហគមន៍កសិកម្មក្នុងការធ្វើផែនការអាជីវកម្ម និងទីផ្សារសម្រាប់ផលិតកម្មកសិកម្មរបស់ពួកគេ។
សហគមន៍កសិកម្មចំនួន៨ ដែលមានជំនាញលើផលិតកម្មកសិកម្ម បានចូលរួមយ៉ាងសកម្មនៅក្នុងអង្គសិក្ខាសាលា ក្នុងនោះ សហគមន៍ចំនួន៧ បានធ្វើការងារផ្តោតលើផលិតកម្មបន្លែ និងសហគមន៍កសិកម្មមួយទៀតផ្តោតលើការចិញ្ចឹមត្រី។ ក្នុងកិច្ចពិភាក្សាសហគមន៍កសិកម្មបានស្វែងយល់ពីដំណើរការនៃការអនុវត្តរបស់គម្រោងនិងវិធីសាស្រ្តរៀបចំធ្វើផែនការពិពិធកម្ម ផែនការធុរកិច្ច និងទីផ្សារ។ តំណាងសហគមន៍កសិកម្មទាំង៨ បានបង្ហាញចំណាប់អារម្មណ៍ និងបន្តពិភាក្សាជាមួយសមាជិករបស់ខ្លួនដើម្បីកំណត់អាទិភាព និងធាតុចូលកសិកម្មផ្សេងទៀតគាំទ្រដល់ដំណើរការអនុវត្តផែនការពិពិធកម្ម និងផែនការធុរកិច្ច។