គណៈកម្មការវាយតម្លៃនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (EC) បានអនុម័តជាគោលការណ៍លើសំណើហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ជូនសហគមន៍កសិកម្មកន្រ្តាំងបល័ង្គរស្មីស្រ្តីសាមគ្គី ដើម្បីកែលម្អផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់សម្រាប់ផ្គត់ផ្គង់តម្រូវការ

ចេញ​ផ្សាយ​ 21 Jun 2024
226
នៅថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៤ នៅការិយាល័យសហគមន៍កសិកម្មកន្រ្តាំងបល័ង្គរស្មីស្រ្តីសាមគ្គី ស្រុកប្រាសាទបាគង ខេត្តសៀមរាប គណៈកម្មការវាយតម្លៃនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (EC) និងមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធក្នុងកិច្ចប្រជុំផ្ទាល់ និងតាមអនឡាញ។ កិច្ចប្រជុំមានគោលបំណងពិនិត្យលើផែនការអាជីវកម្ម ដែលសហគមន៍កសិកម្មបានកែសម្រួលឡើងវិញ និងបានដាក់ជូនគណៈកម្មការកន្លងទៅនាពេលថ្មីៗនេះ។ ផែនការនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងផ្នែកហិរញ្ញវត្ថុ និងផលិតកម្មបន្លែសុវត្ថិភាព ក៏ដូចជាការកែលម្អប្រព័ន្ធស្រោចស្រព និងការកែលម្អផ្លូវដឹកជញ្ជូនផលកសិកម្មរបស់សហគមន៍កសិកម្ម ជាពិសេសសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លទ្ធភាពទទួលបានធាតុចូលកសិកម្ម (ផ្ទះសំណាញ់) ប្រព័ន្ធធារាសាស្រ្ត និងផ្លូវជនបទនឹងផ្តល់សិទ្ធិអំណាចកាន់តែច្រើនដល់សហគមន៍ និងសមាជិក ជាពិសេសស្ត្រី ហើយបានត្រួសត្រាយផ្លូវសម្រាប់ការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិវឌ្ឍន៍ និងការពង្រីកវិស័យកសិកម្ម។ ជាតួយ៉ាង ផែនការនេះនឹងផ្តល់ត្រឡ់បមកវិញជូនសហគមន៍កសិកម្មនូវឱកាសទទួលបានជាសហគមន៍មានសក្តានុពល និងរីកចំរើនសម្រាប់ទាំងអស់គ្នា។
ក្នុងកិច្ចប្រជុំមួយព្រឹកនេះផងដែរ សមាជិកគណៈកម្មការវាយតម្លៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានពិភាក្សាលើគ្រប់ទិដ្ឋភាពសំខាន់ៗដែលបានរំលេចនៅក្នុងផែនការអាជីវកម្ម។ វិស័យសំខាន់ៗដែលអង្គប្រជុំបានលើកយកមកពិភាក្សារួមមាន ការផ្តល់ធាតុចូលកសិកម្ម (ផ្ទះសំណាញ់) ប្រព័ន្ធស្រោចស្រព និងការកែលម្អផ្លូវជនបទសម្រាប់ដឹកជញ្ជូនកសិផល។ ក្នុងនោះ សម្រាប់សំណើរផ្ទះសំណាញ់វិញ គណៈកម្មការយល់ឃើញថា ជាដំណោះស្រាយសមស្របមួយដើម្បីធានាឱ្យកសិករមានលទ្ធភាពប្រមូលផលបានពេញមួយឆ្នាំ ដែលជាចំណុចសំខាន់នៃការពិភាក្សា។ ដោយសារសមាជិកសហគមន៍ភាគច្រើន បានសម្តែងការព្រួយបារម្ភលើបញ្ហាប្រឈមចំពោះគ្រួសារមានប្រាក់ចំណូលទាបក្នុងសហគមន៍ ជាពិសេសពួកគេដាំដុះដំណាំនៅទីវាលមិនទទួលបានផលល្អ។ ដោយសារកត្តាបរិកាសអាចគ្រប់គ្រងបាន ផ្ទះសំណាញ់នឹងជួយឱ្យគ្រួសារទាំងនេះអាចដាំដុះ និងអាចប្រមូលផលបានពេញមួយឆ្នាំ និងជួយឱ្យជីវភាពរបស់ពួកគេបានប្រសើរជាងមុន។
តាមរយៈការលើកទឹកចិត្តឱ្យអ្នកចូលរួមចែករំលែកទស្សនៈ និងការយល់ឃើញរបស់ខ្លួន អជ្ញាធរឃុំ និងភូមិក៏បានបង្ហាញពីសារៈសំខាន់នៃការកែលម្អផ្លូវជនបទ ដោយបានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធជនបទជាកម្លាំងចលករសំខាន់សម្រាប់ការដឹកជញ្ជូនធាតុចូលកសិកម្ម ផលិតផលកសិកម្ម និងការធ្វើដំណើរប្រកបរបរកសិកម្មរបស់កសិករ និងគ្រឿងយន្តកសិកម្មផ្សែងទៀត។ ស្រដៀងគ្នានេះដែរ តំណាងសហកមន៍កសិកម្មក៏បានយល់ឃើញដូចគ្នាថា ការដឹកជញ្ជូនផលកសិកម្មទៅកាន់ទីផ្សារ ជាកត្តាសំខាន់បំផុតមួយដែលគួរពិចារណាដាក់បញ្ចូលទៅក្នុងផែនការកែលម្អផ្លូវជនបទ។
ចំណែកឯប្រព័ន្ធស្រោចស្រពវិញ សមាជិកគណៈកម្មាធិការបានឯកភាពថា ទឹកជាធនធានធម្មជាតិសំខាន់ខណៈដែលមានទឹកគ្រប់គ្រាន់បម្រើឱ្យវិស័យកសិកម្មបានធានានូវទិន្នផលខ្ពស់ តាមរយៈការប្រើប្រាស់ និងការគ្រប់គ្រងធនធានទឹកឱ្យបានល្អ ពិតជាបានដើរតួសំខាន់ក្នុងវិស័យកសិកម្ម។
ជាមួយនឹងធាតុចូលដែទទួលបាននៅក្នុងកិច្ចប្រជុំ សមាជិកគណៈកម្មាធិការបានពិនិត្យ និងផ្ទៀងផ្ទាត់របាយការណ៍វាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ។ ក្នុងតម្លៃតម្លាភាព និងបរិយាប័ន្ន គណៈកម្មាធិការបានអនុញ្ញាតឱ្យសហគមន៍កសិកម្មកន្រ្តាំងបល័ង្គរស្មីស្រ្តីសាមគ្គី ដែលមានទីតាំងនៅភូមិពង្រ ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលបានការអនុម័តលើសំណើរហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ដើម្បីកែលម្អផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដោយស្នើសុំឱ្យផ្ទល់ព័ត៌មានបន្ថែមមួយចំនួនទៀតប៉ុណ្ណោះ។ លើសពីនេះ គម្រោងក៏បានគាំទ្រប្រព័ន្ធស្រោចស្រពកសិកម្ម និងការកែលម្អផ្លូវជនបទដើម្បីឱ្យកសិករអាចដឹកកសិកផលទៅកាន់ទីផ្សារ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក យ៉ន សម្បត្តិ ប្រធាននាយកដ្ឋានប្រសិទ្ធភាពចំណាយ និងជាប្រធានគណៈកម្មការវាយតម្លៃនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF); លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) លោក ហ៊ុយ វណ្ណថា ប្រធានគម្រោង CASDP នៃក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) និងមានការចូលរួមពីសមាជិកគណៈកម្មការវាយតម្លៃ មេឃុំ មេភូមិ សមាជិកសហគមន៍កសិកម្ម តំណាងមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំរើន (MCP)។