ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័តនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា អញ្ជើញពិនិត្យវឌ្ឍនភាពសហគមន៍កសិកម្មតាសីសាមគ្គី ខេត្តបាត់ដំបង

ចេញ​ផ្សាយ​ 21 Jun 2024
380
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័តនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បាន ដឹកនាំក្រុមការងារគម្រោងក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅទស្សនកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ខេត្តបាត់ដំបង។ អញ្ជើញចូលរួមអបដំណើរឯកឧត្តមប្រធានគណៈកម្មការរួមមាន ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ, លោក សុខ ខន ប្រធាននាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា, លោក យ៉ន សម្បត្តិ ប្រធាននាយកដ្ឋានប្រសិទ្ធភាពចំណាយនិងជាប្រធានគណៈកម្មការវាយតម្លៃនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងាររបស់គម្រោងជាច្រើនរូបទៀត។
ដំណើរទស្សនកិច្ចសិក្សាទៅកាន់សហគមន៍តាសីសាមគ្គី ជាសក្ខីភាពមួយបញ្ជាក់ពីស្មារតីសហការរវាងក្រុមការងារគម្រោង CASDP និងអង្គភាពអនុវត្តគម្រោង ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពគម្រោង CASDP និងរាល់ប្រតិបត្តិការគាំទ្រសហគមន៍កសិកម្ម (AC) ដែលត្រូវបានរៀបចំឡើងដើម្បីជួយសមាជិកគណៈកម្មការវាយតម្លៃ (EAC) បានយល់ដឹងបន្ថែមពីការអនុវត្តគម្រោង CASDP ពាក់ព័ន្ធវិស័យផ្សេងៗ និងកំណត់បានអាទិភាពសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម និងផ្តល់ជូនវឌ្ឍនភាពរបស់គម្រោង ក៏ដូចជាការស្វែងយល់បន្ថែមពីដំណើការអនុវត្តគម្រោង CASDP។ ស្ថិតក្នុងឱកាសនោះដែរ ក្រុមការងារបានពិភាក្សាអំពីផលប៉ះពាល់រយៈពេលវែង លទ្ធផល សម្រេចបានដោយសហគមន៍កសិកម្ម និងផលប៉ះពាល់នៃកិច្ចអន្តរាគមន៍របស់គម្រោង CASDP ជាមួយអង្គភាពអនុវត្តទាំងនៅថ្នាក់ជាតិ និងកម្រិតសហគម៍។
នាឱកាសនោះដែរ លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី បានជម្រាបជូន ឯកឧត្តម ប្រធានគណៈកម្មការ និងគណៈប្រតិភូពីប្រវត្តិនៃការធ្វើកសិកម្ម បញ្ហាប្រឈម និងឱកាស និងបានគូសបញ្ជាក់ពីសារសំខាន់កម្មវិធីហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ គាំទ្រដោយគម្រោង CASDP ។ លោកប្រធានសហគមន៍បានឱ្យដឹងថា ជំនួយនេះមិនត្រឹមតែអនុញ្ញាតឱ្យសហគមន៍កសិកម្ម និងសមាជិករបស់ខ្លួនមានលទ្ធភាពពង្រីកផែនការអាជីវកម្ម និងប្រាក់ចំណូលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានត្រួសត្រាយផ្លូវសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរឡើង ដែលជាក្តីសង្ឃឹមសម្រាប់អនាគតកសិកម្មបានប្រសើរជាងមុន។
ក្រោយពីបានស្តាប់ និងមើលលទ្ធផលជាក់ស្តែង គណៈប្រតិភូបានជក់ចិត្តនឹងទិដ្ឋភាព និងបានសំដែងការពេញចិត្តចំពោះវឌ្ឍនភាពដែលសហគមន៍សម្រេចបាន។ នាឱកាសនោះដែរ គណៈប្រតិភូបានអញ្ជើញពិនិត្យផ្លូវកសិកម្មប្រវែង ៥.៧៥ គ.ម ជាប្រភេទផ្លូវក្រាលកៅស៊ូ (DBST) ដែលកំពុងសាងសង់ បានផ្តល់ភស្តុតាងជាក់ស្តែងនៃការប្តេជ្ញាចិត្តរបស់គម្រោងក្នុងការធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សាររបស់កសិករ។ គណៈប្រតិភូក៏បានដើរមើលទីតាំងផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ទស្សនាជុំវិញកសិដ្ឋានដែលមានដំណាំគ្រប់មុខ និងបានទស្សនាស្រះចិញ្ចឹមត្រី លទ្ធផលជាក់ស្តែង ជាសក្ខីកម្មនៃភាពជោគជ័យរបស់គម្រោងផងដែរ។