សហគមន៍តាសីសាមគ្គីពិភាក្សាកម្ចីហិរញ្ញប្បទានជាមួយតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំរើន

ចេញ​ផ្សាយ​ 21 Jun 2024
444
ស្របពេលដែលកសិករមានលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលអនុញ្ញាតឱ្យកសិករអាចទប់ទល់ជាមួយការប្រែប្រួលទិន្នផលតាមរដូវកាល បញ្ហាមួយក៏បានកើតឡើងពាក់ព័ន្ធជាមួយការធ្វើអាជីវកម្មកសិកម្ម ដូចជាវិសមមាត្ររវាងធាតុចូលកសិកម្ម និងទិន្នផលទទួលបាន ដែលមិនសូវអំណោយផលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បញ្ហានេះបាននាំឱ្យមានការថយចុះនៃប្រាក់ចំណេញក្នុងវិស័យកសិកម្ម ដែលធ្វើឱ្យកសិករកាន់តែមានការលំបាកក្នុងការសងត្រឡប់។
ដើម្បីដោះស្រាយបញ្ហាខាងលើ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ នៅសហគមន៍កសិកម្មតាសីសាមគ្គី កិច្ចពិភាក្សាប្រាក់កម្ចីមួយត្រូវបានធ្វើឡើងក្រោមកិច្ចសម្របសម្រួលដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអង្គភាពទទួលបន្ទុកខ្សែបន្ទាត់ឥណទានក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលតែងតែបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាអំពីប្រាក់កម្ចី។ សហគមន៍កសិកម្មតាសីសាមគ្គីតំណាងដោយលោក ណុប នុន នាយកប្រតិបត្តិរបស់សហគមន៍ បានដើរតួយ៉ាងសំខាន់ក្នុងការសន្ទនាជាមួយលោក លី ប៊ុនរិទ្ធិ នាយកប្រតិបត្តិប្រតិបត្តិការ និងលោក ហ៊ុន ហ៊ីន អ្នកសម្របសម្រួលសហគមន៍មកពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំរើន ដោយផ្តល់នូវទស្សនទាន និងជម្រើសមួយចំនួននៃកម្ចីមានសក្តានុពលសម្រាប់សមាជិកសហគមន៍របស់ខ្លួន។
ការវាយតម្លៃពីសមត្ថភាពរបស់សហគមន៍កសិកម្ម និងការទទួលបានសេវាហិរញ្ញវត្ថុនៅជនបទ រួមទាំងការយល់ពីគ្នាទៅវិញទៅមកលើបញ្ហាហិរញ្ញប្បទាន បានផ្តល់នូវធាតុចូលផ្នែកចំណេះដឹងមិនអាចកាត់ថ្លៃបាន។ ការសិក្សា និងវាយតម្លៃនេះបានកំណត់ពីលទ្ធភាពហិរញ្ញវត្ថុសហគមន៍នាពេលបច្ចុប្បន្ន នឹងផ្តល់ឱកាសឱ្យសហគមន៍កសិកម្មមានលទ្ធភាពកាន់តែច្រើន ក្នុងការកែលម្អខ្សែសង្វាក់តម្លៃផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់របស់ខ្លួនកាន់តែមានសក្តានុពលបន្ថែមសម្រាប់ទីផ្សារ។ មួយវិញទៀត ការកែលម្អនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់កសិករខ្នាតតូច និងសហគមន៍កសិកម្ម ដោយជំរុញវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងវិបុលភាព បណ្តុះបាននូវក្តីសង្ឃឹមបន្ថែម និងមានសុទិដ្ឋិនិយមសម្រាប់អនាគត។
យោងតាមការពិភាក្សា សមាជិកសហគមន៍កសិកម្មម្នាក់ អាចទទួលបានប្រាក់កម្ចីចំនួន $១៥០០ ខណៈដែលសហគមន៍អាចទទួលបានប្រាក់កម្ចីរហូតដល់ $៧៥,០០០ ដោយមិនចាំបាច់មានវត្ថុបញ្ចាំ។ នៅក្នុងស្មារតីប្តេជ្ញាចិត្តរបស់ខ្លួនធ្វើឱ្យមានតម្លាភាព ធនាគារនឹងជូនដំណឹងដល់សហគមន៍កសិកម្មក្នុងពេលឆាប់ៗនេះ ពីលទ្ធផលនៃកិច្ចពិភាក្សា រួមទាំងអត្រាការប្រាក់ និងលក្ខខណ្ឌកម្ចីផ្សេងទៀត ដោយធានាថាភាគីទាំងអស់មានព័ត៌មានច្បាស់លាស់ និងមានទំនុកចិត្តក្នុងដំណើរការនេះ។