ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា CASDP/MAFF រួមជាមួយក្រុមបេសកកម្មគាំទ្រការអនុវត្តគម្រោង CASDP លើកទី៨ (Eighth ISM Mission) របស់ធនាគារពិភពលោក បានបញ្ចប់បេសកម្មរួមគ្នា ក្នុងការពិនិត្យ វាយតំលៃ និងកែលំអលើកប្រសិទ្ធភាពគម្រោង

ចេញ​ផ្សាយ​ 21 Jun 2024
435
នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅការិយាល័យធនាគារពិភពលោក ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងពិពិធកម្ម កសិកម្មកម្ពុជា (CASDP) អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបិទបញ្ចប់បេសកកម្មគាំទ្រការអនុវត្តគម្រោង CASDP លើកទី៨ របស់ធនាគារពិភពលោក ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CASDP ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិការគណៈកម្មាធិការ លោកនាយក និងលោកប្រធានគម្រោង តំណាងក្រសួងពាក់ព័ន្ធ (MAFF, MRD, MoWRAM, MEF) តំណាងសមាសភាគគាំទ្រគម្រោង និងទីប្រឹក្សាគម្រោង។
ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម ហ៊ាន វណ្ណហន បានថ្លែងអំណរគុណចំពោះក្រុមការងារបេសកកម្មគាំទ្រការអនុវត្តគម្រោង CASDP លើកទី៨ ដែលបានខិតខំប្រឹងប្រែងរួមគ្នាពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភា ដោយសម្រេចបានលទ្ធផលល្អ ក្រោមការដឹកនាំដោយលោកស្រី ចំរើន មុទិតា ប្រធានក្រុមការងាររបស់ធនាគារពិភពលោក លោក ចាន់ វីរៈ សហប្រធានសហក្រុមការងារធនាគារពិភពលោក និងសមាជិកក្រុមបេសកកម្មផ្សេងទៀត ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការលះបង់ និងការខិតខំប្រឹងប្រែងរួមគ្នា។
កិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោង CASDP លើកទី៨ បានរៀបចំឡើងនៅការិយាល័យធនាគារពិភពលោក ទីក្រុងភ្នំពេញ បានផ្តល់នូវវេទិកាសំខាន់មួយដើម្បីបង្ហាញ និងពិភាក្សាលើឯកសារជំនួយស្មារតី។ ឯកសារនេះ ជាសេចក្តីសង្ខេបពីរបាយការណ៍លទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោង និងបញ្ហានានាពាក់ព័ន្ធការអនុវត្តគម្រោង ដែលជាចំនុចសំខាន់បំផុត និងតម្រូវឱ្យមានការយកចិត្តទុកខ្ពស់ពីសមភាគី។ វាមិនត្រឹមតែផ្តល់នូវទិដ្ឋភាពលម្អិតនៃស្ថានភាពទូទៅនៃការអនុវត្តគម្រោង និងវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍គម្រោង (PDO) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃតួនាទីរបស់អ្នកទទួលខុសត្រូវម្នាក់ៗនៅក្នុងដំណើរការអនុវត្តគម្រោងផងដែរ។
ក្នុងនាមធនាគារពិភពលោក លោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារគម្រោង បានធ្វើបទបង្ហាញដោយសង្ខេបនូវឯកសារជំនួយស្មារតី ជូនអង្គប្រជុំ។ លោកស្រីបានគូសបញ្ជាក់ពីចំនុចសំខាន់នៅក្នុងឯកសារជំនួយស្មារតី និងបានកោតសរសើរដល់ក្រុមការងារគម្រោង CASDP ដោយសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងធ្វើការជាក្រុម។ ការប្តេជ្ញាចិត្តឥតងាករេដើម្បីសម្រេចបានគោលដៅ ៦០ សហគមន៍កសិកម្ម (A.C.s) នៅត្រឹមខែធ្នូ ឆ្នាំ ២០២៤ (ចុះហត្ថលេខា អនុម័តយល់ព្រម និងអនុវត្ត) ជាសក្ខីភាពបង្ហាញពីការលះបង់ខ្ពស់របស់ក្រុមការងារក្នុងការសម្រេចឱ្យបានជោគជ័យ។
កិច្ចប្រជុំបានបញ្ចប់ដោយបានព្រមព្រៀងគ្នាលើសកម្មភាពជាច្រើន ដែលសំខាន់ត្រូវធានាឱ្យបានជោគជ័យសម្រេចបានលទ្ធផលគម្រោងតាមការគ្រោងទុក។ សកម្មភាពដែលត្រូវបានពិភាក្សា និងឯកភាពគ្នាដោយប្រុងប្រយ័ត្ន រួមមានហេដ្ឋារចនាសម្ព័ន្ធកសិកម្ម (ផ្លូវ ប្រព័ន្ធធារាសាស្រ្ត និងបច្ចេកវិទ្យា) និងសេវាគាំទ្របន្ថែមដល់សហគមន៍កសិកម្មទាំង ២០ ដែលមានស្រាប់ និងឈានទៅរក ៦០ សហគមន៍កសិកម្មតាមសូចនាករ។ ការអនុម័តយល់ព្រមលើផែនការត្រួតពិនិត្យវឌ្ឍនភាពគ្រប់ជ្រុងជ្រោយ ជាការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់អ្នកពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាឱ្យគម្រោងទទួលបានជោគជ័យ។