បច្ចុប្បន្នភាពពីបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៨

ចេញ​ផ្សាយ​ 21 Jun 2024
247
ថ្ងៃទី៣១ ខែឧសភាឆ្នាំ ២០២៤៖ បន្ទាប់ពីបានជួបប្រជុំតាមបណ្តាអង្គភាពជំនាញរួចមក ក្រុមការងារ WB ISM លើកទី៨ បានចាប់ផ្តើមការងារចុះមូលដ្ឋាន ដែលជាវិធីសាស្រ្តសំខាន់សម្រាប់សិក្សាស្វែងយល់បន្ថែម។ នៅថ្ងៃទី១នៃបេសកកម្ម ក្រុមការងារបានចុះជួបជាមួយតំណាងសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង នៅស្រុកបាធាយ ខេត្តកំពង់ចាម។ កិច្ចប្រជុំនេះបានអនុញ្ញាតឱ្យក្រុមការងារ បានស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតលើផែនការអាជីវកម្ម ពីតម្រូវការផលិតផលសក្តានុពល និងបញ្ហាប្រឈមរបស់សហគមន៍ និងបានរកឃើញបន្ថែមពីផលិតផលកសិកម្មដែលមានសក្តានុពលសម្រាប់ទីផ្សារ។ ជាមួយគ្នានេះ ក្រុមការងារក៏បានផ្តល់ការលើកទឹកចិត្តផងដែរ ឱ្យបងប្អូនធ្វើការកែសម្រួលផែនការអាជីវកម្មឲ្យមានលក្ខណៈសមស្របតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។
នៅថ្ងៃទី២ នៃបេសកកម្ម ISM លើកទី ៨ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រុមការងារបានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្ម កន្ត្រាំង បល័ង្គរស្មីស្រ្តីសាមគ្គី។ សហគមន៍នេះបានចុះបញ្ជីជាផ្លូវការនៅក្នុងឆ្នាំ ២០១៤។ សហគមន៍មានសមាជិកចំនួន ៦៩៧ នាក់ (ស្ត្រី ៥៨៥ នាក់) បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសំខាន់ៗចំនួនបួន៖ ការកសាងសមត្ថភាព សេវាកម្មបច្ចេកទេស លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងអាជីវកម្ម ដែលសហគមន៍នេះបានបោះជំហានយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម។ ក្រុមការងារបានសំដែងនូវការកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងសមិទ្ធផលដែលសហគមន៍សម្រេចបានកន្លងមក។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ក្រុមការងារបានពិភាក្សាហិរញ្ញប្បទានឥណសំណងបំពេញបន្ថែមទុនវិនិយោគ ដែលតម្រូវឱ្យសហគមន៍មានធាតុចូលកសិកម្ម ឬការវិនិយោគ ឬសាច់ប្រាក់ជាក់លាក់នូវចំនួនមួយច្បាស់លាស់។ តម្រូវការនេះ រំពឹងថានឹងរួមចំណែក ៦០% ធៀបទៅនឹងផែនការអាជីវកម្មរបស់ខ្លួន និងផ្តល់លទ្ធភាពទទួលបានហិរញ្ញវត្ថុបន្ថែម ដែលជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហគមន៍ក្នុងការអនុវត្តផែនការអាជីវកម្ម។ ជាមួយនឹងហិរញ្ញប្បទានឥណសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ដែលគ្រោងផ្តល់ដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) សហគមន៍គ្រោងនឹងកែលម្អបច្ចេកទេសដាំដុះរបស់ពួកគេ ដោយផ្លាស់ប្តូរពីការដាំដុះនៅទីវាល មកដាំដុះនៅក្នុងផ្ទះសំណាញ់ ការកែលម្អប្រព័ន្ធស្រោចស្រពជាដើម។ មួយផ្នែកនៃកិច្ចអន្តរាគមន៍របស់គម្រោងនឹងជួយលើកកំពស់ផលិតភាព និងប្រាក់ចំណេញយ៉ាងសំខាន់ ដែលបានត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ត្រចះត្រចង់ក្នុងវិស័យកសិកម្មផងដែរ។
នៅពេលរសៀលថ្ងៃដដែល ក្រុមការងារបានជួបប្រជុំជាមួយសហគមន៍កសិកម្មតាសីសាមគ្គី ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ សហគមន៍កសិកម្មតាសីសាមគ្គី ជាសហគមន៍ជោគជ័យបំផុតមួយក្នុងចំណោមសហគមន៍ដែលបានទទួលហិរញ្ញប្បទានឥណសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ពីគម្រោង CASDP។ កិច្ចអន្តរាគមន៍លើហិរញ្ញប្បទានឥណសំណងបំពេញបន្ថែមទុនវិនិយោគ បានរួមចំណែកយ៉ាងសំខាន់ដល់ការកសាងសមត្ថភាពរបស់ខ្លួនក្នុងការពង្រីកផលិកម្មសុវត្ថិភាពក្នុងផ្ទះសំណាញ់។
ជាការកត់សម្គាល់នៅក្នុងកិច្ចប្រជុំ និងក៏ដូចជាការមើលឃើញពីជុំវិញកសិដ្ឋាន សហគមន៍សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការពង្រីកខ្សែសង្វាក់តម្លៃផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដោយប្រមូលផលបានក្នុងរង្វង់ ១,០៦៣ តោន ក្នុងមួយឆ្នាំនៅកម្រិតសហគមន៍ និង ៩៩៤ តោនក្នុងមួយឆ្នាំនៅកម្រិតគ្រួសារ។ គម្រោង CASDP បានជួសជុលកែលម្អផ្លូវកសិកម្មមួយខ្សែប្រវែង ៨.៨ គ.ម ដោយផ្តល់ឱកាសដល់សមាជិគអាចដឹកកសិផលចូលទៅកាន់ទីផ្សារ។ លទ្ធផលទាំងនេះ សរបញ្ជាក់ពីកិច្ចអន្តរាគមន៍វិជ្ជមានមួយចំពោះកម្មវិធីហិរញ្ញប្បទានឥណសំណងបំពេញបន្ថែមទុនវិនិយោគ៤០%របស់គម្រោង CASDP លើប្រតិបត្តិការ និងផលិតភាពរបស់សហគមន៍គួបផ្សំជាមួយការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ពួកគេពិតជាគួរឱ្យសរសើរ។
ISM លើកទី ៨ បានរៀបចំឡើងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ នៅក្នុងខេត្តចំនួនបីគឺ កំពង់ចាម សៀមរាប និងបាត់ដំបង។ បេសកកម្មនេះដឹកនាំដោយលោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP សហការជាមួយក្រុមការងារធនាគារពិភពលោក ដឹកនាំដោយ លោក សុនាថ។ អញ្ជើញចូលរួមក្នុងបេសកកម្មរួមមាន តំណាងមកពីអង្គភាពអនុវត្តគម្រោង (IAs) រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ (MRD) ក្រសួងធនធានទឹក និងឧតុនិយម (MoWRAM) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបុគ្គលិកគម្រោងបានចូលរួម។ ការរួមចំណែក និងការគាំទ្ររបស់អស់លោក លោកស្រី តំណាហស្ថាប័ន ពិតជាបានរួមចំណែកយ៉ាងសំខាន់ដែលធ្វើឱ្យបេសកកម្មនេះទទួលបានជោគជ័យ។