សហគមន៍កសិកម្មស្តៅអភិវឌ្ឍន៍ ទទួលបានការគាំទ្រផ្នែកយុទ្ធសាស្រ្តកសិកម្មពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)

ចេញ​ផ្សាយ​ 21 Jun 2024
230
សហគមន៍កសិកម្មស្តៅអភិវឌ្ឍន៍ ទទួលបានការគាំទ្រផ្នែកយុទ្ធសាស្រ្តកសិកម្មពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលមានម៉ាស៊ីនគោយន្តកន្រ្តៃយ៍ចំនួន១៨ គ្រឿង និងឧបករកសិកម្មមួយចំនួនទៀត។ ការគាំទ្រផ្នែកយុទ្ធសាស្រ្តនេះបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មដំឡូងមី ដែលជាការអភិវឌ្ឍន៍មួយរំពឹងថានឹងជួយជំរុញឱ្យមានការផ្លាស់ប្តូរច្រើនក្នុងវិស័យកសិកម្ម មានឱកាសបង្កើនប្រាក់ចំណេញ និងទទួលបានជោគជ័យសម្រាប់កសិករដំឡូងមី។
គម្រោងពិពិធកម្មកសិកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញកំណើនប្រាក់ចំណេញសម្រាប់កសិករ។ ការប្តេជ្ញាចិត្តនេះពិតជាមានសារៈសំខាន់ជាពិសេសសម្រាប់កសិករ ដែលកំពុងរស់នៅក្នុងតំបន់មានសក្តានុពលផលិតកម្មដំឡូងមី ពីព្រោះមួយផ្នែកវាបានទ្រទ្រង់ជីវភាពរបស់កសិករផង និងមួយផ្នែកទៀតវាបានគាំទ្រដល់ផែនការអាជីវកម្មកែច្នៃរយៈពេលវែង ដែលជាដើមចមសំខាន់ជួយជំរុញកំណើនសេដ្ឋកិច្ចផងដែរ។
ជាក់ស្តែងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៤ នៅឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ក្រោមកិច្ចសហការ និងការប្រឹងប្រែងជាមួយដៃគូរធនាគារពិភពលោក គម្រោង CASDP បានផ្តល់ម៉ាស៊ីនគោយន្តកន្រ្តៃយ៍ចំនួន ១៨ គ្រឿង រួមជាមួយឧបករណ៍បរិក្ខាកសិកម្មមួយចំនួនទៀត ដល់សហគមន៍កសិកម្មស្តៅអភីវឌ្ឍន៍ តាមរយៈហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% នេះសរបញ្ជាក់ពីសារៈសំខាន់នៃការធ្វើបដិវត្តន៍កម្មផលិតភាពដំឡូងមី។
ការគាំទ្រក្រោមកិច្ចសហប្រតិបត្តិការនេះ បានដោះស្រាយបញ្ហាប្រឈមមួយចំនួននៅចំពោះមុខ ដែលសហគមន៍កសិកម្មស្តៅអភិវឌ្ឍន៍កំពុងជួបប្រទះនៅក្នុងផលិតដំឡូងមី ដូចជា កង្វះដើមទុនសម្រាប់វិនិយោគ ខ្វះឧបករណ៍ និងសម្ភារប្រើប្រាស់ និងទុនប្រតិបត្តិការអាជីវកម្មប្រមូលទិញលក់ដំឡូងមី និងពិបាកស្វែងរកអ្នកផ្តល់សេវាកសិកម្ម។