បេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ធនាគារពិភពលោកចាប់ផ្តើមនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤

ចេញ​ផ្សាយ​ 21 Jun 2024
261
បេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ធនាគារពិភពលោក សម្រាប់រយៈពេល២សប្តាហ៍តាមទម្រង់អនឡាញ និងកិច្ចប្រជុំផ្ទាល់ ដើម្បីជួបពិភាក្សាការងារជាមួយអ្នកពាក់ព័ន្ធតាមអង្គភាពនីមួយៗ និងធ្វើសុពលភាពទិន្នន័យសម្រាប់ចងក្រងរបាយការណ៍ ISM-CASDP លើកទី៨។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោង CASDP នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅការិយាល័យធនាគារពិភលោក ទីក្រុងភ្នំពេញ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះដែររួមមាន លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CASDP, លោកជំទាវ ចំរើន មុទិតា ប្រធានក្រុមការងារគម្រោង CASDP នៃធនាគារពិភពលោក និងជាអ្នកឯកទេសអភិវឌ្ឍន៍ជនបទ, លោក សុខ ខន នាយកគម្រោង CASDP នៃអង្គភាពអនុសមាសភាគពិពិធកម្មសេដ្ឋកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ទិត្យ សុផា អគ្គនាយកសវនកម្ម និងជានាយកគម្រោង CASDP ក្រសួងអភិវឌ្ឍន៍ជនបទ (MRD) លោក តាំង សុផាត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជានាយកគម្រោង CASDP ក្រសួងធនធានទឹកនិងឧតុនិយម (MoWRAM)។ នាឱកាសនោះដែរ លោក Alassane Sow សេដ្ឋវិទូកសិកម្មមកពីទីស្នាក់ការកណ្តាលធនាគារពិភពលោក និងសហការី ព្រមទាំងតំណាងអញ្ជើញមកពី MAFF, MOWRAM, MEF, MRD ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងផងដែរ។
កិច្ចប្រជុំនេះ ជាផ្លេតហ្វមមួយដើម្បីពិនិត្យវឌ្ឍនភាពដែលគម្រោងសម្រេចបានស្របតាមគោលដៅគម្រោង, ប្រតិបត្តិការគម្រោង, ស្ថានភាពទូទៅនៃការអនុវត្តសកម្មភាពគម្រោង, សកម្មភាពសំខាន់ៗដែលបានឯកភាពក្នុងអំឡុងពេលបេសកកម្ម ISM លើកចុងក្រោយ, ការរៀបចំឯកសារកំណែទម្រង់រៀបចំរចនាសម្ព័ន្ធគម្រោង និងផែនការសកម្មភាពសម្រាប់ប្រាំមួយខែបន្ទាប់។
ក្នុងកិច្ចប្រជុំ លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP បានធ្វើបទបង្ហាញស្តីពីស្ថានភាពនៃការអនុវត្តផែនការធុរកិច្ច (BPl) និងលទ្ធផលសម្រេចបាន, បញ្ហាប្រឈម និងអនុសាសន៍សម្រាប់វឌ្ឍនភាពបន្ទាប់, ការរៀបចំ, ការវាយតម្លៃ, ការអនុម័តយល់ព្រម, ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ (MGA) និងខ្សែបន្ទាត់ឥណទាននៃផែនការធុរកិច្ច (BPls) នាពេលខាងមុខ។
ក្នុងរយៈពេលបេសកកម្មនោះដែរ ក្រុមការងារ WB-ISM គ្រោងនិងជួបតំណាងអង្គភាពអនុវត្តគម្រោងនីមួយៗផងដែរ។ ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានតម្លាភាព និងបរិយាប័ន ក្រុមការងារ ISM នឹងរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ISM ជាមួយសមភាគីទាំងអស់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះនឹងបង្ហាញពីលទ្ធផលសំខាន់ៗ និងសកម្មភាពដែលបានព្រមព្រៀងគ្នា ដោយធានាថាភាគីពាក់ព័ន្ធទាំងអស់ត្រូវទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ជំហានបន្ទាប់។