នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយ សហគមន៍ កសិកម្មពន្លឺថ្មីពេជ្រចិន្តា នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់សហគមន៍ ដែលបានខិតខំពង្រីកផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងមានទីផ្សារជាក់លាក់ក្នុងការស្រូបយកផលិតផល ដែលអាចផ្តល់ផលចំណេញដល់សមាជិកសហគមន៍បានល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលបំណងនៃការបង្កើតសហគមន៍កសិកម្មទំនើប ដែលចង់ជំរុញឱ្យសហគមន៍ កសិកម្មកាន់តែរីកចម្រើនល្អប្រសើរជាងពេលបច្ចុប្បន្ន តាមរយៈការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងល្អ ការបន្ថែមធនធានមនុស្សនិងថវិកាគ្រប់គ្រាន់ ប្រើប្រាស់បច្ចេកទេសផលិតកម្មត្រឹមត្រូវ រក្សាបាននូវតម្លៃផលិតកម្មទាប និងធានាបាននូវផលិតផលកសិកម្មមានគុណភាពខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សហគមន៍កសិកម្មទំនើប គឺជាគោលនយោបាយដែលក្រសួងត្រូវជំរុញ ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការដាក់ដីផលិតកម្មប្រើប្រាស់រួមក្នុងសហគមន៍ និងកម្លាំងពលកម្ម ក្រោមការដឹកនាំ គ្រប់គ្រងបែងចែកកម្មវិធីដាំដុះ និងប្រមូលទិញដោយសហគមន៍ផ្ទាល់។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការបង្កើតសហគមន៍កសិកម្មទំនើប គឺជាការបង្កលទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋ ដែល មិនមានផ្ទះសំណាញ់សម្រាប់ធ្វើផលិតកម្ម មិនមានលទ្ធភាពវិនិយោគ ទទួលបានឱកាសចូលជាសមាជិក និង ទទួលបានផលចំណេញទៅតាមទំហំដីកសិកម្មដែលបានដាក់ចូលរួមក្នុងសហគមន៍ តែត្រូវមានភាពប្រាកដ ច្បាស់លាស់។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់បញ្ជាក់អំពីគោលជំហរ ក្នុងការរុញសហគមន៍កសិកម្មទំនើប កសិកម្មបែបសេដ្ឋកិច្ចនេះឱ្យទៅមុខ ហើយកសិករដទៃទៀត អាចពិនិត្យតាមដាន និងធ្វើការសម្រេចចិត្តពេល ក្រោយ។ បន្ទាប់ពីកិច្ចសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យស្ថានភាពផ្ទះសំណាញ់ និងទីតាំងនៃ សមាជិកមួយចំនួននៃសហគមន៍កសិកម្ម៕
ក្រោមកិច្ចសហការដ៏សំខាន់ជាមួយធនាគារពិភពលោក គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% ដល់សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ដើម្បីកែលម្អខ្សែសង្វាក់តម្លៃផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។ ហិរញ្ញប្បទាននេះមានថវិកាប្រហែល $២៤៩,២០៤ សម្រាប់កសាងផ្ទះសំណាញ់ចំនួន២៦១ខ្នង។ ក្រៅហិរញ្ញប្បទានឥតសំណងនេះដែរ គម្រោង CASDP បានគាំទ្រ សហគមន៍កសិកម្មក្នុងការកែលម្អផ្លូវកសិកម្មប្រវែង ៨៨០០ ម៉ែត្រ ដែលមានថវិកាប្រហែល១.១ លានដុល្លារអាមេរិក។ កិច្ចសហប្រតិបត្តិការនេះមានរយៈពេលបីឆ្នាំ (២០២២-២០២៥) ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម ដែលនេះជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះកំណើនក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍន៍។