លោក Renaud Silgmann នាយកស្តីទីធនាគារពិភពលោកទទួលបន្ទុកផ្នែកកសិកម្ម និងស្បៀង និងសហការី បានអញ្ជើញធ្វើទស្សនកិច្ចនៅសហគមន៍កសិកម្មកន្ទ្រាំងបល័ង្ករស្មីស្រ្តីសាមគ្គី

ចេញ​ផ្សាយ​ 10 May 2024
275
ខេត្តសៀមរាប៖ ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៤ — លោក Renaud Silgmann នាយកស្តីទីនៃធនាគារពិភពលោកទទួលបន្ទុកផ្នែកកសិកម្ម និងស្បៀង និងសហការី បានអញ្ជើញបំពេញទស្សនកិច្ចនៅសហគមន៍កសិកម្មកន្ទ្រាំងបល័ង្ករស្មីស្រ្តីសាមគ្គី ដែលមានទីតាំងស្ថិតនៅឃុំកន្រ្តាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ដំណើរទស្សនកិច្ចនេះមានគោលបំណងសិក្សាស្វែងយល់ពីការរៀបចំ និងអនុវត្តផែនការពិពិធកម្ម និងផែនការអាជីវកម្ម ដែលនឹងគាំទ្រដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។ អញ្ជើញចូលរួមក្នុងបេសកម្មនោះដែររួមមានលោកជំទាវ ចំរើន មុទិតា ប្រធានក្រុមការងារនៃធនាគារពិភពលោកសម្រាប់គម្រោង CASDP និងសហការី លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP តំណាងមកពីភ្នាក់ងារអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារគម្រោង CASDP។
ក្នុងពេលដំណើរទស្សនកិច្ចសិក្សានោះដែរ គណៈប្រតិភូបានជួបជាមួយប្រធានសហគមន៍កសិកម្ម និងសមាជិកសហគមន៍ ដែលជាអ្នកទទួលផលគម្រោង និងបានទស្សនាកសិដ្ឋានដាំបន្លែក្នុងផ្ទះសំណាញ់។
ក្នុងជំនួបជាមួយសមាជិកសហគមន៍ លោក Renaud Silgmann បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះប្រធានសហគមន៍ និងសមាជិកទាំងអស់ ដោយបានទទួលស្គាល់ពីការខិតខំប្រឹងប្រែងមិនរាថយរបស់ពួកគេលើការរៀបចំផែនការពិពិធកម្ម និងផែនការអាជីវកម្មបានយ៉ាងល្អ និងគ្រប់ជ្រុងជ្រោយស្របតាមតម្រូវការទីផ្សារ បើទោះបីជាស្ថិតក្នុងស្ថានភាពលំបាក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុក៏ដោយ។ លោកបានបញ្ជាក់ថា ការលះបង់ និងសមិទ្ធផលរបស់ពួកគេពិតជាគួរឲ្យសរសើរ។
ជាមួយគ្នានេះផងដែរ លោក Renaud Silgmann បានលើកឡើងពីផែនការពិពិធកម្ម និងផែនការអាជីវកម្ម ដែលបានរួមបញ្ចូលនូវធាតុចូលសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈគាំទ្រដល់ផលិតកម្មកសិកម្មរួមមាន ប្រព័ន្ធធារាសាស្ត្រក្រៅកសិដ្ឋាន និងផ្លូវជនបទសម្រាប់ដឹកជញ្ជូនកសិផល ជាពិសេសធាតុចូលកសិកម្មផ្សេងទៀត គួបផ្សំជាមួយផែនការផលិតកម្ម ដែលកំណត់ថា ធាតុចូលទាំងអស់ខាងលើនឹងរួមចំណែកដល់ការអនុវត្តផែនការពិពិធកម្ម និងអាជីវកម្មឱ្យមានកំណើន និងទទួលបានប្រាក់ចំណេញសម្រាប់សមាជិកទាំងអស់ និងសម្រាប់សហគមន៍ទាំងមូល។
នៅកម្រិតគ្រួសារវិញ លោក Renaud Silgmann បានសម្តែងការកោតសរសើរផងដែរចំពោះគ្រួសារមួយមានកូនបីនាក់ និងបានធ្វើពិពិធកម្មផលដំណាំដែលគាត់បានដាំដុះ។ កិច្ចខិតខំប្រឹងប្រែងរបស់គ្រួសារនេះ ជាសក្ខីភាពបញ្ជាក់ពីការលះបង់ និងការខិតខំប្រឹងប្រែងក្នុងនាមជាសមាជិកសហគមន៍។ លោក Renaud Silgmann មានជំនឿថាការធ្វើពិពិធកម្មផលដំណាំនេះបង្កើនបានជាប្រភពចំណូល និងភាពធន់ទៅនឹងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ ឬភាពមិនអនុគ្រោះផ្សេងទៀតដែលបង្ករឡើងដោយការប្រែប្រួលអាកាសធាតុ។
គម្រោង CASDP ពិធជាមានមោទនភាពយ៉ាងក្រៃលែងចំពោះដំណើរទស្សនកិច្ចទៅកាន់សហគមន៍កសិកម្មក្រោមគម្រោង CASDP ដែលនេះជាសក្ខីភាពមួយចំពោះការគាំទ្រដែលមិនអាចកាត់ថ្លៃបានរបស់ក្រុមការងារធនាគារពិភពលោក។ ម៉្យាងវិញទៀត គណៈប្រតិភូក៏បានចូលរួមជាមួយក្រុមការងារសហគមន៍ និងក្រុមការងារគម្រោង CASDP ដោយបានពិភាក្សាអំពីបញ្ហាប្រឈម ឱកាស និងអាទិភាពនៃការអភិវឌ្ឍន៍សំខាន់ៗជាមួយសមាជិកសហគមន៍។
ជាចុងក្រោយ លោក Renaud Silgmann បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដំណើរការជាវិជ្ជមានដែលសហគមន៍សម្រេចបាន និងបានជូនពរកសិករជាសមាជិកទាំងអស់ឱ្យទទួលបានជោគជ័យ និងកំណើនប្រាក់ចំណូលមាននិរន្តរភាព តាមរយៈតួនាទីដ៏សំខាន់របស់អ្នកពាក់ព័ន្ធ រួមទាំងធនាគារពិភពលោកក្នុងដំណើរការអនុវត្តសកម្មភាពនាពេលខាងមុខ។