ការិយាល័យសម្របសម្រួលគម្រោង (PCO) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលបន្ថែមស្តីពីការរៀបចំ និងអនុវត្តន៍ផែនការពិពិធកម្ម (DPls) និងផែនការធុរកិច្ច (BPls) សម្រាប់ក្រុមការងារគាំទ្រសហគមន៍កសិកម្ម ក្រោមក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 24 Apr 2024
863
សៀមរាប៖ ការិយាល័យសម្របសម្រួលគម្រោង (PCO) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលបន្ថែមស្តីពី ការរៀបចំ និងអនុវត្តន៍ផែនការពិពិធកម្ម (DPls) និងផែនការធុរតកិច្ច (BPls) សម្រាប់ក្រុមការងារគាំទ្រសហគមន៍កសិកម្ម ក្រោមក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដើម្បីផ្តល់ចំណេះដឹង និងសមត្ថភាពបន្ថែម ក្នុងការគាំទ្រសហគមន៍កសិកម្ម ក្នុងការរៀបចំ និងអនុវត្តផែនការពិពិធកម្មកសិកម្ម (DPls) និងផែនការធុរកិច្ច (BPls) និងការងារតម្រង់ទិសដែលអនុញ្ញាតិឱ្យក្រុមការងារធ្វើការជាមួយអ្នកផ្តល់សេវាបច្ចេកទេសនាពេលខាងមុខ។
អង្គសិក្ខាសាលាបានប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងលោកស្រីចំរើន មុទិតា ប្រធានក្រុមការងារគ្រប់គ្រងគម្រោង CASDP របស់ធនាគារពិភពលោក និងមានការអញ្ជើញចូលរួមពីសិក្ខាកាមចំនួន៥២ នាក់មកពីអង្គភាពអនុវត្តគម្រោង មន្រ្តីបង្គោលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអញ្ជើញមកពីខេត្តគោលដៅទាំង១៣ និងតំណាងស្ថាប័នមីក្រូហិរញ្ញវត្ថុចូលរួមអនុវត្តគម្រោង ទីប្រឹក្សាជាតិ និងអន្តរជាតិ។
អង្គសិក្ខាសាលាបានពិភាក្សាផ្តោតលើ យន្តការបង្កើនសមត្ថភាពក្នុងដំណើរការរៀបចំ និងអនុវត្តផែនការពិពិធកម្ម និងផែនការធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងជាមួយសហគមន៍កសិកម្មមានសក្តានុពល ដែលអនុញ្ញាតិឱ្យសហគមន៍កសិកម្មទាំងនោះទទួលបានទាំងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ខ្សែបន្ទាត់ឥណទានសម្រាប់រួមចំណែកដល់ការអនុវត្ត DPls និង BPls និងការគាំទ្រដល់ការកែលម្អរហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
ក្នុងអង្គសិក្ខាសាលា ក្រុមការងារបានពិនិត្យ និងផ្តល់អានុសាសន៍បន្ថែមលើលក្ខណៈវិនិច្ឆ័យ ឬតារាងដាក់ពិន្ទុ ដើម្បីជំរុញសកម្មភាពជ្រើសរើសសហគមន៍កសិកម្មមានសក្តានុពល ឱ្យមានសុក្រិតភាពស្របតាមគោលដៅគម្រោង។ សម្រាប់សហគមន៍ដែលមានស្រាប់ ក្រុមការងារបានបង្ហាញពីរចនាសម្ព័ន្ធចាត់តាំង និងផែនការគាំទ្រសហគមន៍កសិកម្មរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងគោលដៅពន្លឿនការងារអនុវត្តសកម្មភាពហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ដែលបានចុះហត្ថលេខារួច និងជំរុញការងាររៀបចំចុះហត្ថលេខាលើរាល់សំណើរដែលបានអនុម័តរួច។
ក្រោយពីបានឆ្លងកាត់ការពិភាក្សាយ៉ាងផុលផុសរួចមក អង្គសិក្ខាសាលាបានយល់ដឹងពីកំណែទម្រង់ យន្តការគាំទ្រសហគមន៍កសិកម្ម និងបានការចែករំលែកបទពិសោធន៍នៃការអនុវត្តផែនការពិពិធកម្ម និងផែនការធុរកិច្ច ការពង្រឹងបណ្តាញទំនាក់ទំនងរវាងមន្ទីរកសិកម្ម និងក្រុមការងារគាំទ្រសហគមន៍កសិកម្ម និងជម្រុញភាពជាភាពជាអ្នកដឹកនាំ និងម្ចាស់ការរបស់មន្ទីរកសិកម្ម និងក្រុមការងារគាំទ្រសហគមន៍កសិកម្ម។
អង្គសិក្ខាសាលារយៈពេលបីថ្ងៃនេះ បានរៀបចំឡើងក្នុងគោលដៅដោះស្រាយបញ្ហាប្រឈមផ្នែកសមត្ថភាពរបស់អ្នកពាក់ព័ន្ធក្នុងការអនុវត្តផែនការពិពិធកម្មកសិកម្ម និងផែនការធុរកិច្ច ជាពិសេសលើកកម្ពស់ការយល់ដឹងពីគម្រោង ពាក់ព័ន្ធហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ខ្សែបន្ទាត់ឥណទាន និងការប្រើប្រាស់តារាងដាក់ពិន្ទុសម្រាប់ជ្រើសរើសសហគមន៍កសិកម្មឱ្យបានត្រឹមត្រូវ ដែលនេះជាលទ្ធផលរំពឹងទុកសំខាន់ និងជាចំនុចស្នូលនៃកិច្ចពិភាក្សានៅក្នុងអង្គសិក្ខាសាលារយៈពេលបីថ្ងៃ។