ការិយាល័យសម្របសម្រួលគម្រោងពិពិធកម្មកសិកម្មកម្ពុជារៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងប្រចាំត្រីមាសទី១ ឆ្នាំ២០២៤

ចេញ​ផ្សាយ​ 01 Apr 2024
884
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពគម្រោង និងលើកទិសដៅអនុវត្តនៅត្រីមាសបន្ទាប់។ កិច្ចប្រជុំបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះដែររួមមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) និងក្រសួងអភិវឌ្ឍន៍ជនបទ (MRD) ដែលជាភ្នាក់ងារអនុវត្តគម្រោង CASDP, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអញ្ជើញមកពីខេត្តគោលដៅទាំង១៣ និងទីប្រឹក្សាគម្រោងជាច្រើនរូបទៀត។
កិច្ចប្រជុំបានពិភាក្សាលើរបៀបវារសំខាន់ៗរួមមាន (១) វឌ្ឍនភាពសកម្មភាពអនុវត្តគម្រោងនៅត្រីមាសទី១ឆ្នាំ២០២៤, (២) ពិនិត្យនិងពិភាក្សាលើសេចក្តីសម្រេចបង្កើតក្រុមការងារគាំទ្រសហគមន៍កសិកម្ម, (៣) បទបង្ហាញស្តីពីតារាងដាក់ពិន្ទុសម្រាប់ជ្រើសរើសសហគមន៍កសិកម្មដែលមានសក្តានុពល និង(៤)ពិភាក្សាយន្តការអនុវត្ត និងការប្រព្រឹត្តទៅរបស់គម្រោងក្រោមអង្គភាពពាក់ព័ន្ធ។
ដោយអនុវត្តតាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារគាំទ្រសហគមន៍កសិកម្ម (AC Support Team) ក្រុមការងារគម្រោង CASDP នឹងធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើម និងបង្កើតផែនការផ្សព្វផ្សាយ និងសកម្មភាពនានា ដើម្បីផ្តល់ជំនួយតាមតម្រូវការជាក់ស្តែងដល់សហគមន៍កសិកម្ម និង/ឬសហគ្រាសកសិកម្មខ្នាតតូច និងមធ្យម (SMA) លើផ្នែកនីតិវិធីលទ្ធកម្ម កិច្ចគាំពារបរិស្ថាន និងសង្គម ការទទួលបានទីផ្សារ និងហិរញ្ញវត្ថុ។
ក្នុងឱកាសនោះដែរ អង្គប្រជុំក៏បានពិភាក្សាលើការបង្កើត និងអនុវត្តតារាងដាក់ពិន្ទុ។ ក្រុមការងារគម្រោងបានពិចារណា និងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើលក្ខណៈវិនិច្ឆ័យសម្រាប់ជ្រើសរើសសហគមន៍កសិកម្មដែលមានសក្តានុពល ដើម្បីធានាថាគោលដៅរួមរបស់គម្រោងមានភាពប្រទាក់ក្រឡាគ្នាទៅនឹងអ្វីដែលបានបញ្ជាក់ដោយក្រុមការងារដាក់ពិន្ទុ។
កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យ ដោយក្រុមការងារអនុវត្តគម្រោងទាំងអស់បានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីឱ្យគម្រោងទទួលបានជោគជ័យ តាមរយៈការបង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍ និងមានឆន្ទៈមុះមុតក្នុងការផ្តល់សេវាគាំទ្រដល់សហគមន៍កសិកម្មដែលជារឿយៗពួកគេនៅមិនទាន់ទទួលបានយន្តការគាំទ្រសមស្របនៅឡើយ។