សហគមន៍កសិកម្មស្តៅអភិវឌ្ឍន៍ខេត្តព្រះវិហារ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥណសំណងបំពេញបន្ថែមទុនវិនិយោគលើការពង្រីកទីផ្សារទិញលក់ដំឡូងមីស្ងួត

ចេញ​ផ្សាយ​ 11 Mar 2024
991
ខេត្តព្រះវិហារ៖ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ សហគមន៍កសិកម្មស្តៅអភិវឌ្ឍន៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រីកទីផ្សារទិញលក់ដំឡូងមីស្ងួត។
កិច្ចព្រមព្រៀងបានប្រព្រឹត្តិទៅនៅទីស្នាក់ការសហគមន៍កសិកម្មស្តៅអភិវឌ្ឍន៍ ស្ថិតនៅភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងលោកស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោកស្រី ជូ មេត្តា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ស្តៅអភិវឌ្ឍន៍ និងមានការអញ្ជើញចូលរួមដោយលោក លោកស្រីតំណាងអង្គភាពអនុវត្តគម្រោង មន្រ្តីគម្រោង ទីប្រឹក្សា និងអាជ្ញាធរមូលដ្ឋាន ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានាឱកាសនោះ។
កិច្ចព្រមព្រៀងនៅថ្ងៃនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សហការជាមួយធនាគារពិភពលោក ក្នុងការធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវ៉ាក់តម្លៃផលិតកម្មដំឡូងមីនៅលើទីផ្សារ ដោយរក្សាបាននូវបរិមាណ គុណភាព និងតម្លៃខ្ពស់។
ក្នុងផែនការសកម្មភាព សហគមន៍កសិកម្មស្តៅអភិវឌ្ឍន៍មានផែនការសាងសង់លានសម្រាប់ចាក់និងចូកដំឡូងមី ដំឡើងជញ្ជីងថ្លឹងដំឡូង សាសឺសម្រាប់ចូកដំឡូង ម៉ាស៊ីនគោយន្តកន្រ្តៃយ៍ និងឧបករណ៍កសិកកម្មគាំទ្រដល់ ដំណើរការខ្សែច្រវ៉ាក់ផលិតកម្មដំឡូងមី។
ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ដែលគម្រោងបានឯកភាពផ្តល់ជូនមានទឹកប្រាក់ចំនួន ៦៥,៣៩៧ ដុល្លារអាមេរិក ស្មើនឹង៤០% នៃទុកវិនិយោគសរុបសម្រាប់ការអនុវត្តរយៈពេល១ឆ្នាំ (២០២៤ -២០២៥)។ ជាមួយគ្នានេះដែរ សហគមន៍ក៏នឹងទទួលបានផ្លូវកសិកម្មចំនួន១ខ្សែរ ដែលមានប្រវែងសរុបចំនួន៥,៣ គីឡូម៉ែត្រ ទៅជាប្រភេទផ្លូវគ្រួសក្រហម។