ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់ប្រជាសហគមន៍ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ ធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេស ដើម្បីប្រកួតប្រជែងលើទីផ្សារ និងទទួលបានតម្លៃខ្ពស់ ដោយក្រសួងជាអ្នករកទីផ្សារជូនពួកគាត់។
ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍ប្រាប់ប្រជាសហគមន៍សំបូរមានជ័យ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំថា ការធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេស មានសារៈសំខាន់។ សហគមន៍កសិកម្មទំនើបតម្រូវឱ្យប្រជាកសិករចូលរួមផលិតរួមគ្នា គ្រប់គ្រងរួមគ្នា ដើម្បីងាយស្រួលផ្គត់ផ្គង់លើទីផ្សារ និងផ្តល់ផលចំណេញច្រើន។ ករណីនេះ ឯកឧត្តម លើកទឹកចិត្តដល់ប្រជាសហគមន៍ និងប្រជាកសិករផ្សេងៗទៀត ស្ម័គ្រចិត្តរួមគ្នាចូលរួមក្នុងកម្មវិធីគោលនយោបាយកសិកម្មបែបទំនើបនេះ ទើបទទួលបានផលវិជ្ជមានខ្ពស់។
ឯកឧត្តមមានប្រសាសន៍បន្តថា បើប្រជាសហគមន៍ដែលធ្វើកសិកម្មបែបទំនើប ហើយត្រូវការដើមទុនធ្វើអាជីវកម្ម ក្រសួងមានគម្រោងហិរញ្ញវត្ថុ ដែលផ្តល់ការគាំទ្រចាប់ពីការកសាងផែនការអាជីវកម្ម ការផ្តល់ប្រាក់កម្ចី ការគាំទ្រ ផ្តល់ជាអំណោយមូលធុន (បើគម្រោងវិនិយោគជាប់ នឹងទទួលបានអំណោយចំនួន៤០ភាគរយ នៃដើមទុនវិនិយោគសរុប និងជួយគាំទ្រស្វែងរកទីផ្សារជាដើម។
ចំពោះដើមទុនវិនិយោគនេះ ឯកឧត្តមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុសារណៈយោគយល់គ្នាមួយជាមួយធនាគារវីង ដោយធនាគារវីងបានតម្កល់លុយ៥លានដុល្លារ ទុកនៅក្រសួង សម្រាប់ផ្តល់កម្ចីជូនប្រជាសហគមន៍ និងកសិករ ក្នុងអត្រាការប្រាក់ទាប ចន្លោះពី៧ ទៅ៨ភាគរយ ក្នុងមួយឆ្នាំ ហើយកម្ចីនេះ មិនតម្រូវឱ្យដាក់វត្ថុបញ្ចាំអ្វីនោះទេ៕