សមាជិកសហគមន៍ចាប់ផ្តើមប្រមូលផលទឹកឃ្មុំដំបូងដៃរបស់ខ្លួន ចាប់តាំងពីបានចូលរួមជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)

ចេញ​ផ្សាយ​ 29 Feb 2024
5906
ថ្មីៗនេះ ចំនួនឃ្មុំនៅទូទាំងប្រទេសបានថយចុះគួរឲ្យកត់សម្គាល់ ដោយសារសកម្មភាពអភិវឌ្ឍន៍ទ្រង់ទ្រាយធំ និងការប្រែប្រួលផ្នែកបរិស្ថាន។ ម៉្យាងវិញទៀត ការប្រើថ្នាំសម្លាប់សត្វចង្រៃ និងថ្នាំសំលាប់សត្វល្អិត ក្នុងវិស័យកសិកម្ម និងចំការដំណាំក៏បានរួមចំណែកដល់ការបាត់បង់បរិមាណឃ្មុំផងដែរ។ បញ្ហាប្រឈមមួយទៀតចំពោះឃ្មុំនៅកម្ពុជា ការប្រមូលផលទឹកឃ្មុំព្រៃ ធ្វើឡើងមិនស្របតាមលក្ខណៈបច្ចេកទេស។ អ្នកប្រមូលផលទឹកឃ្មុំខ្លះមិនដឹងពីបច្ចេកទេសប្រមូលផលយ៉ាងណាឲ្យមានប្រសិទ្ធភាព ហើយពួកគេប្រមូលផល និងសម្លាប់ឃ្មុំទាំងហ្វូងនៅក្នុងសំបុកតែម្តង។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគាំទ្រពីធនាគារពិភពលោក បានផ្តួចផ្តើមបង្កើតគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលបានអនុញ្ញាតឱ្យអ្នកប្រមូលឃ្មុំមកពីសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ ខេត្តកំពង់ចាម កាត់បន្ថយហានីភ័យនេះ តាមរយៈការអនុវត្តការគ្រប់គ្រងឃ្មុំប្រកបដោយភាពច្នៃប្រឌិត។
ក្នុងសកម្មភាពប្រមូលទឹកឃ្មុំព្រៃនៅក្នុងជំរុំដើមគរ ស្ថិតនៅឃុំកោះត្រែង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សមាជិកសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ ពេលនេះកំពុងមម៉ាញឹកប្រមូលផលទឹកឃ្មុំព្រៃពីជំរុំដើមគរ និងវេចខ្ចប់ទឹកឃ្មុំយកទៅលក់បន្តនៅទីផ្សារក្នុងស្រុក។ សមាជិកម្នាក់បានឲ្យដឹងថា អ្នកស្រីសប្បាយចិត្តចំពោះផលទឹកឃ្មុំដែលប្រមូលបាន ដែលពេលនេះកំពុងដាក់លក់នៅទូទាំងប្រទេស។ បច្ចុប្បន្នទឹកឃ្មុំកំពុងមានតម្រូវការច្រើន ហើយសហគមន៍អាចរកប្រាក់ចំណូលបានកើនឡើងទ្វេដង។