លោក អ៊ូ សំឃិត រស់នៅភូមិក្រោម ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មានអាយុ៣៥ឆ្នាំ ទទួលបានការគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា នូវឥណទានបន្ថែម៤០%នៃទុនវិនិយោគសរុបសម្រាប់ចិញ្ចឹមជ្រូក តាមរយៈសមាជិកភាពនៃសហគមន៍កសិកម្មព្រះរំកិល ។
នៅពេលចាប់ផ្តើមអាជីវកម្មចិញ្ចឹមជ្រូក គាត់បានប្រឈមមុខនឹងបញ្ហាខ្វះខាតទុនបង្វិលទិញកូនជ្រូកមកចិញ្ចឹម។ មុនពេលទទួលបានឥណទាន លោកបានប្រកបរបរដាំដំឡូងមី និងចិញ្ចឹមជ្រូកចំនួនបីក្បាល ដែលលោកអាចសន្សំប្រាក់បានតិចតួចប៉ុណ្ណោះក្នុងអំឡុងពេលបិទខ្ទប់ ដោយសារការរីករាលដាលនៃមេរោគកូវីដ១៩។ ជាងនេះទៅទៀត អត្រាស្លាប់ និងជំងឺដល់កូនជ្រូកក៏មានច្រើនផងដែរ ដោយសារគាត់ខ្វះជំនាញក្នុងវិស័យនេះ។
អាស្រ័យហេតុនេះ គម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការជាមួយធនាគារពិភពលោក បានពិភាក្សារកដំណោះស្រាយជាមួយអ្នកជំនាញបសុសត្វមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង។ តាមការណែនាំរបស់ PDAFF ដែលមានភាពប៉ិនប្រសប់ផ្នែកវិទ្យាសាស្រ្តសហគ្រាសចិញ្ចឹមជ្រូក លោក អ៊ូ សំឃីត មានឱកាសចូលរួមវគ្គបណ្តុះបណ្តាលជំនាញ ចិញ្ចឹមជ្រូកជាមួយសមាជិកសហគមន៍ផ្សេងទៀត នៅការិយាល័យសហគមន៍កសិកម្មព្រះរំកិលក្នុងឆ្នាំ២០២៣។ សមាជិកទាំងអស់ទទួលបានការណែនាំ និងបានចុះទៅមើលកសិដ្ឋានក្បែរៗនៅក្នុងខេត្តផងដែរ។
លោក សំឃិត បានឱ្យដឹងថា «ខ្ញុំចាប់ផ្តើមចិញ្ចឹមជ្រូកនៅឆ្នាំ២០១៥ មកដល់ពេលនេះមានរយៈពេល៨ ឆ្នាំហើយ។ ខ្ញុំជួបបញ្ហាច្រើនក្នុងការចិញ្ចឹមជ្រូកនៅសម័យកូវីដដោយសារការបិទខ្ទប់ និងការធ្វើដំឡូងមីក៏មានបញ្ហាដូចគ្នា ខ្ញុំក៏ងាកមកចិញ្ចឹមជ្រូកវិញ។
លោក សំឃិត បានបន្ថែមទៀតថា «មុនពេលអន្តរាគមន៍របស់គម្រោង ខ្ញុំជួបការលំបាក់ខ្លះក្នុងការចិញ្ចឹមជ្រូក ដោយសារខ្ញុំមិនមានចំណេះដឹងពីជំងឺជ្រូកថាវាឈឺបណ្តាលមកពីមូលហេតុអ្វី យើងអត់ស្គាល់ថ្នាំយកមកប្រើឱ្យត្រូវនឹងប្រភេទជំងឺ។»
ដោយមានការគាំទ្រពីគម្រោង CASDP នូវឥណទាន៤០% យកមកពង្រីកអាជីវកម្មចិញ្ចឹមជ្រូក លោកសំឃិត ត្រូវបានអញ្ជើញឱ្យចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមជ្រូក ការថែទាំកូនជ្រូក និងការឱ្យចំណីជ្រូក និងក្រោយពីបញ្ចប់វគ្គបណ្តាលបណ្តាល គាត់បានយល់ពីរបៀបសង្កេតមើលការចិញ្ចឹមជ្រូក។ល។
ក្នុងពេលបណ្តុះបណ្តាល អ្នកជំនាញមកពី PDAFF បានយកចិត្តទុកដាក់ជាពិសេសទៅលើការបញ្ចុះព្រូនឱ្យបានទៀងទាត់ ការចាក់វ៉ាក់សាំងទាន់ពេលវេលា និងការសម្អាតទ្រុងអោយបានត្រឹមត្រូវ និងបាញ់ទឹកដើម្បីកាត់បន្ថយការស្លាប់របស់ជ្រូកនៅក្នុងកសិដ្ឋាន។ ក្រោយពីទទួលបានការណែនាំស្តីពីការអនុវត្តគ្រប់គ្រងចិញ្ចឹមជ្រូកដែលមន្ទីរជំនាញបានផ្តល់អោយ លោក សំឃិត ទទួលបានផលប្រយោជន៍ច្រើន ដោយគាត់អាចលក់ជ្រូកយកសាច់ចំនួន៣០ក្បាល និងកូនជ្រូកពូជចំនួន៥០ក្បាល នៅក្នុងឆ្នាំ២០២៣ ដោយទុកកូនជ្រូកដែលនៅសល់សម្រាប់ធ្វើពូជបន្ត។ គាត់បានលក់ជ្រូកឈ្មោល និងចាស់សម្រាប់យកសាច់។ ចំណែកទីផ្សារជ្រូកវិញ លោក សំឃិត បានលក់អ្នកភូមិ និងអាជីវករជ្រូកយកសាច់មកពីខេត្ត។
បច្ចុប្បន្នលោក សំឃឹត បានផ្លាស់ប្តូរជីវភាពច្រើនបន្ទាប់ពីជ្រើសរើសយករបរចិញ្ចឹមជ្រូក ។ ឥឡូវនេះ គាត់មានដីកសិដ្ឋានចិញ្ចឹមជ្រូកយ៉ាងទូលំទូលាយ និងមានកន្លែងសត្តឃាតផ្ទាល់ខ្លួន។ ចំណូលពីការលក់ជ្រូកបានជួយផ្គត់ផ្គង់គ្រួសារ ហើយគាត់បានប្រើប្រាស់ថវិកាដែលនៅសល់យកទៅពង្រីកមុខរបរបន្ថែម ដូចជាដាំស្វាយចន្ទី និងដំឡូងមី ក្នុងនោះដំណាំស្វាយចន្ទីប្រហែល១០ ហិកតា និងដំឡូងមីប្រហែល៣ ទៅ ៤ ហិកតា។
លោក សំឃិត កាន់តែមានកេរ្តិ៍ឈ្មោះជាអ្នកចិញ្ចឹមជ្រូកមានគុណភាពល្អ ហើយមានតម្រូវការច្រើនរហូតមានឈ្មួញមករកទិញជាហូរហែរ។ លោកសម្រេចលក់ជ្រូកឲ្យអ្នកទិញផ្ទាល់ជៀសវាងលក់ឱ្យឈ្មួញកណ្តាលដែលតែងតែឲ្យតម្លៃទាបជាងទីផ្សារ។ អាជីវករនៅក្រុងស្ទឹងត្រែងក៏បានមកទាក់ទងទិញជ្រូកពីគាត់យកទៅលក់បន្ត។ លោក សំឃិត ជាអ្នកប្រកបរបរចិញ្ចឹមជ្រូក ដោយគាត់រីករាយក្នុងការ ចែករំលែក បទពិសោធន៍ជោគជ័យរបស់គាត់ ទៅដល់កសិករជាច្រើននៅក្នុងសហគមន៍ ហើយមានកសិករចន្លោះពី១៥ ទៅ ២០ នាក់បានចាប់ផ្តើមចិញ្ចឹមជ្រូកដូចជាគាត់ដែរ។ ពេលនេះសមាជិកសហគមន៍សប្បាយចិត្ត និងពេញចិត្តជាមួយការសម្រេចចិត្តរបស់ពួកគេ ហើយថាគ្មានបញ្ហាអ្វីទៀតទេក្នុងការចិញ្ចឹមជ្រូកដែលជាមុខរបរចិញ្ចឹមជីវិត។
លោក អ៊ូ សំឃិត បានឱ្យដឹងថា "ខ្ញុំសប្បាយចិត្តជាមួយនឹងអាជីវកម្មចិញ្ចឹមជ្រូក។ ខ្ញុំសូមអរគុណដល់គម្រោង CASDP ដែលផ្តល់ជំនួយ ៤០% យកមកចិញ្ចឹមជ្រូក ដែលធ្វើអោយខ្ញុំអាចពង្រីកអាជីវកម្មបានពីរបន្ថែមទៀត" ។
ស្របពេលជាមួយគ្នានេះដែរ លោក សំឃិត បានជំរុញឲ្យស្ត្រីក្នុងភូមិពិចារណាងាកមកចិញ្ចឹមជ្រូកដូចលោកដែរ ព្រោះវាអាចរកប្រាក់ចិញ្ចឹមគ្រួសារបាន។ ជាចុងក្រោយ លោកបានស្នើដល់គម្រោង CASDP ផ្តល់បទពិសោធន៍បន្ថែមដល់កសិករដូចរូបលោក និងជួយស្វែងរកទីផ្សារដែលមានតម្លៃប្រសើរជាងមុន។