ថ្នាក់ដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា ពិភាក្សាយន្នការជម្រុញការធ្វើពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 18 Dec 2023
7545
សៀមរាប៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាស្តីពី ការជម្រុញការធ្វើពិពិធកម្មកសិកម្ម។ អញ្ជើញចូលរួមអង្គសិក្ខាសាលានេះដែររួមមាន តំណាងស្ថាប័នក្នុងវិស័យកសិកម្ម អ្នកផ្តល់សេវាហិរញ្ញវត្ថុ អ្នកផ្តល់សេវាគាំទ្រ តំណាងគ្រឹស្ថានហិរញ្ញវត្ថុដែលចូលរួមអនុវត្តគម្រោង (PFIs) សមាជិកនៃគណៈកម្មាធិការវាយតម្លៃ ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB), តំណាងអន្តរក្រសួងរួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) ក្រសួងអភិវឌ្ឍន៍ជនបទ (MRD) និងក្រុមការងារគម្រោងប្រហែល៤០រូប។
សិក្ខាសាលាមានគោលបំណងពិភាក្សាអំពី ឧបសគ្គលើបទបញ្ញត្តិពាក់ព័ន្ធជាមួយការអនុវត្តខ្សែបន្ទាត់ឥណទាន ឥណទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ កិច្ចពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនានា ដែលលើកឡើងដោយសហគមន៍កសិកម្ម ឬក្រុមអ្នកផលិត និងធុរកិច្ខកសិកម្មខ្នាតតូច (ACs/PO & SMA), តួនាទី និងការទទួលខុសត្រូវរបស់ក្រុមការងារគាំទ្រសហគមន៍កសិកម្ម (AC) ដំណោះស្រាយលើបញ្ហាប្រឈមនានាក្នុងដំណើការអនុវត្តគម្រោង។
ក្នុងពេលពិភាក្សារយៈពេលមួយថ្ងៃ ក្រុមការងារគ្រប់គ្រងគម្រោងបានជម្រុញឱ្យអ្នកចូលរួមលើកឡើងពីបញ្ហា និងការប្រឈមសំខាន់ៗ ឈានទៅរកការបង្កើតរចនាសម្ព័ន្ធត្រួសត្រាយផ្លូវអនុវត្តគម្រោងឱ្យបានរលូន និងផ្តោតសំខាន់លើភាពច្នៃប្រឌិតគ្រប់ទម្រង់ដែលមាននៅក្នុងដំណើការអនុវត្តគម្រោង។ ក្រុមការងារ PFIs ក៏បានលើកឡើងពីផ្លេតហ្វមសំខាន់ដែលបានដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាកម្មឥណទាន និងគូសបញ្ជាក់ពីខ្សែបន្ទាត់ឥណទានសម្រាប់អ្នកស្វែងរកកម្ចីម្នាក់ៗ មានគោលដៅឆ្ពោះទៅអ្នកមានតម្រូវការវិនិយោគផ្ទាល់។
លទ្ធផលនៃកិច្ចពិភាក្សាពេញមួយថ្ងៃ អ្នកចូលរួមអង្គសិក្ខាសាលាបានកំណត់ពីតម្រូវការ និងការងារស្នូលសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងចំណោម PFIs និងក្រុមការងារគម្រោង ក៏ដូចជាលក្ខណ្ឌការងារ (ToR) គាំទ្រសហគមន៍កសិកម្ម (AC) ដែលត្រូវបង្កើតឡើងនៅជំហានបន្ទាប់។ សិក្ខាសាលាបានណែនាំភាគីពាក់ព័ន្ធនៃគម្រោង CASDP ជាពិសេស ស្ថានប័នហិរញ្ញប្បទាន ត្រូវពង្រឹង និងកែលម្អយន្នការបន្ថែមបន្ថែមទៀតដើម្បីឱ្យ SMA និង AC/PO ទទួលបានឥណគម្រោង CASDP កាន់តែមានភាពងាយស្រួល។