ម្រោង CASDP សហការជាមួយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការត្រួតពិនិត្យភូតគាមអនាម័យ និងការគ្រប់គ្រងហានិភ័យសមាសភាពចង្រៃ

ចេញ​ផ្សាយ​ 18 Dec 2023
7044
ថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ TWIN HOTEL KAMPOT ខេត្តកំពត អនុសមាសភាគផ្នែកដំណាំនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) សហការជាមួយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការត្រួតពិនិត្យភូតគាមអនាម័យ និងការគ្រប់គ្រងហានិភ័យសមាសភាពចង្រៃ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ មន្ត្រីអនុសមាសភាគផ្នែកដំណាំនៃគម្រោង CASDP មន្ត្រីត្រួតពិនិត្យភូតគាមអនាម័យប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ សរុបប្រមាណ២៣រូប។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ចំណេះដឹងដល់មន្រ្តីភូតគាមអនាម័យនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ អំពីអនុសញ្ញាការពាររុក្ខជាតិអន្តរជាតិ (IPPC) កិច្ចព្រមព្រៀងអនាម័យ និងភូតគាមអនាម័យ ( SPS Agreement) លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នីតិវិធីត្រួតពិនិត្យភូតគាមអនាម័យ សម្រាប់ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ការកំណត់មុខសញ្ញាសមាសភាពចង្រៃភូតគាមអនាម័យ និងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យចម្លងសមាសភាពចង្រៃលើទំនិញសម្រាប់នាំចេញប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។