សមាជិកសហគមន៍កសិកម្មព្រះរំកិលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ

ចេញ​ផ្សាយ​ 01 Dec 2023
6379
បច្ចុប្បន្ន កសិករភាគច្រើននៅភូមិក្រឡាពាស ឃុំ ព្រះរំកិល ស្រុក បូរីអូស្វាយសែនជ័យ ខេត្ត ស្ទឹងត្រែង នៅប្រកបរបរចិញ្ចឹមជ្រូកតាមប្រពៃណីនៅឡើយ ខណៈដែលពួកគេពុំដឹងថាគួរចិញ្ចឹមជ្រូករបៀបណាដើម្បីឱ្យទទួលបានផលល្អ។
វិធីការពារជំងឺឆ្លងលើសត្វជ្រូក ការថែទាំដោយបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងចិញ្ចឹមសត្វជ្រូក និងដាក់បង្ខាំងសត្វជ្រូកដាច់ដោយឡែក, ការជ្រើសរើសពូជកូនជ្រូកដែលល្អមកចិញ្ចឹម ជាចំណេះដឹងដែលកសិករគ្រប់រូបត្រូវយល់ដឹងមុនគេមុនពេលសម្រេចចិត្តចិញ្ចឹមជ្រូក។
កាលពីថ្ងៃទ២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសមាជិកសហគមន៍កសិកម្មព្រះរំកិលបានចូលរៀនវគ្គបណ្តុះបណ្តាលដែលផ្តល់ដោយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) ក្រោមកិច្ចសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា ស្តីពីការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ស្របតាមគោលការអង្គការពិភពលោកសម្រាប់សុខភាពសត្វ​ដោយផ្តោតលើការរៀបចំទ្រុង និងសម្ភារៈក្នុងទ្រុងជ្រូក, ការជ្រើសរើសពូជ និងការបង្កាត់ពូជជ្រូក, ការរៀបចំចំណី និងការផ្តល់ចំណីជ្រូក, អនាម័យ ជីវៈសុវត្ថិភាព និងការការពារជម្ងឺជ្រូក។
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលរួចមក កសិករចិញ្ចឹមជ្រូកប្រហែល៧៥ នាក់ បានទទួលចំណេះដឹងស្តីពីការជ្រើសរើសពូជជ្រូក, ការសង់ទ្រុងជ្រូក, ការផ្តល់ចំណីនឹងទឹក, ការថែទាំមេជ្រូក និងកូន, ការថែ ទាំជ្រូកជំទង់ និងជ្រូកសាច់, ការធ្វើអនាម័យ និងវិធានការការពារសុខភាពសត្វ, យល់ដឹងពីជំងឺដែលច្រើនកើតនៅលើជ្រូក និងមេជ្រូក។ អ្នកចូលរួមបានសំដែងនូវសេចក្តីសប្បាយរីករាយ និងថ្លែងអំណរ គុណដល់គម្រោងដែលបានផ្តួចផ្តើមឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង និងបានប្តេជ្ញាយកចំណេះដឹងទាំងនេះយកទៅអនុវត្តឱ្យទទួលបានជោគជ័យ។