បេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ធនាគារពិភពលោកចាប់ផ្តើមនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣

ចេញ​ផ្សាយ​ 13 Nov 2023
6396
បេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ធនាគារពិភពលោក សម្រាប់រយៈពេល២សប្តាហ៍តាមទម្រង់អនឡាញ និងកិច្ចប្រជុំផ្ទាល់ ដើម្បីជួបពិភាក្សាងារងារជាមួយអ្នកពាក់ព័ន្ធតាមផ្នែកនីមួយៗ និងធ្វើសុពលភាពទិន្នន័យសម្រាប់ចងក្រងរបាយការណ៍ ISM-CASDP ឆ្នាំ២០២៤ នាពេលខាងមុខ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហាន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោង CASDP នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅការិយាល័យធនាគារពិភលោកទីក្រុងភ្នំពេញ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CASDP និងតំណាងធនាគារពិភពលោកមកពីការិយាល័យកណ្តាល និងការិយាល័យប្រចាំប្រទេសកម្ពុជា តំណាងអញ្ជើញមកពីអង្គភាពអនុវត្តគម្រោងរួមមាន MAFF ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងក្រសួងអភិវឌ្ឍន៍ជនបទ (MRD) ដើម្បីវាយតម្លៃពីវឌ្ឍនភាពនៃការអនុវត្តគម្រោង។
កិច្ចប្រជុំបានពិភាក្សាពីការងារអនុវត្តសកម្មភាពគម្រោង និងលទ្ធផលដែលសម្រេចបាន តាមរយៈបទបង្ហាញដោយលោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោង CASDP ដោយផ្តោតសំខាន់លើសមាភាគទាំងប្រាំដូចជា ផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ លទ្ធកម្ម និងកិច្ចគាំពារបរិស្ថាន និងសង្គម។
ក្នុងអំឡុងពេលបេសកកម្មរយៈពេល២សប្តាហ៍ ក្រុមការងារ ISM របស់ធនាគារពិភពលោក ក៏បានជួបតំណាងសមាសភាគក្រោមគម្រោង CASDP និងអ្នកពាក់ព័ន្ធ។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ក្រុមការងារ ISM គ្រោងនឹងរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ISM ជាមួយដៃគូរដ្ឋាភិបាល ដើម្បីបង្ហាញលទ្ធផលសំខាន់ៗនៃបាយការណ៍បេសកកម្ម និងសកម្មភាពដែលបានព្រមព្រៀង។