សហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគីរីចុះហត្ថលេខាទទួលហិរញ្ញប្បទានឥតសំណង៤០% នៃទុនវិនិយោគសរុប ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្មម្រេចសរីរាង្គរបស់សហគមន៍កសិកម្

ចេញ​ផ្សាយ​ 03 Oct 2023
8311
ខេត្តមណ្ឌលគីរី៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគីរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្មម្រេចសរីរាង្គ។ កិច្ចព្រមព្រៀង​បាននេះប្រព្រឹត្តិទៅនៅ​ស្នាក់​ការសហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគីរី ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ប្រធាន​គណៈកម្មការ​តម្រង់ទិស​គម្រោង​ពិពិធកម្មកសិកម្មកម្ពុជា និងមានការអញ្ជើញ​ចូលរួមដោយ លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគីរី លោក គ្រី សុង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍​កសិកម្ម​ម្រេច​សរីរាង្គមណ្ឌគីរី មន្រ្តីគម្រោង ទីប្រឹក្សា និងអាជ្ញាធរ​មូលដ្ឋាន បានអញ្ជើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានាឱកាសនោះ។
ហិរញ្ញប្ប​ទាន​ឥតសំណងបំពេញ​បន្ថែមទុនវិនិយោគ ដែលគម្រោងបានការឯកភាពផ្តល់ជូនមានទឹកប្រាក់ចំនួន ៥៤,៥៨៧ ដុល្លារអាមេរិក ដែលស្មើនឹង៤០% នៃទុកវិនិយោគសរុបសម្រាប់ការអនុវត្តរយៈពេល៣ឆ្នាំ (២០២៣ -២០២៥)។ នេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ សហគារជាមួយធនាគារពិភពលោក ដើម្បីស្រាយបញ្ហាប្រឈម​មួយចំនួន​ដែល​សហគមន៍​កំពុងជួប្រទះមានជាអាទ៍៖​ខ្វះខាតបច្ចេកទេស និងនវានុវត្តន៍ទំនើបជួយដល់ការបង្កើនផលិកម្មម្រេចសរីរាង្គ, មិនទាន់មានទុនគ្រប់គ្រាន់សម្រាប់ពង្រីកអាជីវកម្មឆ្លើយតបទៅនឹងតម្រូវការទីផ្សារ, ខ្វះសម្ភារៈ និងឧបករណ៍កសិកម្ម ដើម្បីជំរុញផលិតកម្មម្រេចសរីរាង្គ, ខ្វះផ្លូវដឹកជញ្ជូនកសិផលម្រេចចេញពីទីតាំងចម្ការទៅផ្លូវជាតិ។
តាមរយៈកិច្ចព្រមព្រៀងនេះដែរ សហគមន៍មានផែនការធុរកិច្ចជាក់លាក់ចំនួន០៣៖​ទី១ លើកម្ពស់ការចូលរួមរបស់សមាជិកសហគមន៍ជាផលិតករឱ្យទទួលបាននូវការគាំទ្រទាំងទុនវិនិយោគ និងមានស្ថិរភាពផ្នែកទីផ្សារ, ទី២ ពង្រីកបរិមាណលក់ម្រេចសរីរាង្គឱ្យបានពី១០០ តោននៅឆ្នាំ២០២៣ និងកើនដល់ ១១០ តោននៅឆ្នាំ២០២៤ និងនៅឆ្នាំ២០២៥ ចំនួន ១២០តោន និងទី៣ បង្កើតឱកាសការងារចំនួន១៦នាក់កម្រិតសហគមន៍ និង២២នាក់កម្រិតកសិដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់អាហារូបត្ថម្ភ និងលប់បំបាត់វិសមភាពយេនឌ័រក្នុងសហគមន៍។ ជាមួយគ្នានេះ សហគមន៍ក៏នឹងទទួលបានផ្លូវកសិកម្ម​ចំនួនពីរ​ខ្សែរ ដែលមានប្រវែង​សរុប​ចំនួន​៣,៦០ គីឡូម៉ែត្រ ទៅជាផ្លូវ DBST។