អង្គភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា MEF-PIU/CASDP រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្រ្តរៀបចំហិរញ្ញប្បទានខ្សែច្រវាក់តម្លៃកសិកម្ម”

ចេញ​ផ្សាយ​ 03 Oct 2023
8197
កាលពីថ្ងៃទី ១២ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា MEF-PIU/CASDP បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្រ្តរៀបចំហិរញ្ញប្បទានខ្សែច្រវាក់តម្លៃកសិកម្ម” ដល់គ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមអនុវត្តគម្រោង និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតដែលធ្វើការផ្តោតលើវិស័យកសិកម្ម។ វគ្គបណ្តុះបណ្តាលនេះសម្របសម្រួលដោយ Frankfurt School of Finance & Management មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ និងវិទ្យាស្ថានពានិជ្ជសាស្រ្តអេស៊ីលេដា(AIB) ដែលជាដៃគូរបស់គម្រោង និងមានបទពិសោធន៌ក្នុងការបណ្តុះបណ្តាលលើផ្នែកហិរញ្ញប្បទានខ្សែច្រវាក់តម្លៃ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រឹះស្ថានហិរញ្ញវត្ថុ ដែលចូលរួមអនុវត្តគម្រោង ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ដែលធ្វើការពាក់ព័ន្ធនិងវិស័យកសិកម្ម ក្នុងការផ្តល់ហិរញ្ញប្បទានដែលមានលក្ខណៈខ្សែច្រវាក់តម្លៃកាន់តែមានភាពទូលំទូលាយ និងប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តាលនេះចែកចេញជាពីកម្រិត៖ កម្រិតទី១ សម្រាប់មន្ត្រីជាន់ខ្ពស់របស់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តោតលើយុទ្ធសាស្រ្តរៀបចំហិរញ្ញប្បទានខ្សែច្រវាក់តម្លៃ (Strategies for Value Chain Development and Financial Concept training) និង កម្រិតទី២ សម្រាប់មន្រ្តីឥណទាន ដោយផ្តោតលើការផ្តល់ហិរញ្ញប្បទានខ្សែច្រវាក់តម្លៃ (Value Chain Finance training) ។
សមភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារប្រៃសណីយ៌កម្ពុជា ក.ង, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក, ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, ធនាគារ ABA, ធនាគារខេប៊ីប្រាសាក់ ម.ក និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(កម្ពុជា) ភីអិលស៊ី។