សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹមគ្រោងបង្កើនផលិតកម្មខ្ទឹមស្លឹកសុវត្ថិភាពដើម្បីចែកចាយទូទាំងប្រទេស

ចេញ​ផ្សាយ​ 21 Sep 2023
12010
សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម មានសមាជិកចំនួន១៦២នាក់ (ស្រី១១៤នាក់) ប្រកបរបរទិញលក់ជី ស្រូវពូជ (ផ្ការំដួល) ទិញលក់មាន់សាច់ ពងមាន់ បន្លែ (សុវត្ថិភាព និងធម្មជាតិ) និងអាជីវកម្មឥណទានកសិកម្ម ស្ថិតនៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សហគមន៍ជួបបញ្ហាប្រឈមចម្បងមួយចំនួនដូចជា ចំណេះដឹងមានកម្រិតលើការវិភាគអាជីវកម្ម ការរៀបចំផែនការ ការគ្រប់គ្រងជំនួញ យុទ្ធសាស្ត្រទីផ្សារ និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ជាដើម។ល។ ក្រៅពីនេះ សហគមន៍នៅខ្វះស្លាកសញ្ញាសម្គាល់ភូមិសាស្រ្ត ខ្វះទុនសម្រាប់ការពង្រីកមុខរបរ ខ្វះឃ្លាំងស្តុកសម្រាប់ផលិតផល និងមិនមានមធ្យោបាយដឹកជញ្ជូនកសិផល ដែលបញ្ហាទាំងអស់នេះចាំបាច់ត្រូវមានកិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធ ដើម្បីធានាភាពប្រកួតប្រជែង និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម បានដាក់សំណើពិពិធកម្ម និងផែនការធុរកិច្ចមកកាន់គម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងគោលបំណងបង្កើនផលិតកម្មខ្ទឹមស្លឹកសុវត្ថិភាពដោយបង្កើនផ្ទៃដីចំនួន៣២,១៥ហិកតា(ថ្មី) ដែលទទួលបានបរិមាណផលចំនួន៨,០៦៣តោន/៣ឆ្នាំ (ស្មើ ២៩៣២ តោន/ឆ្នាំ ឬមធ្យមចំនួន៧៣៣តោន/វដ្ដ) តាមរយៈការអនុវត្តតាមបច្ចេកទេសដាំដុះខ្ទឹមស្លឹកលម្អ រូមមានការកែលម្អជីជាតិដីកសិកម្ម និងការតំឡើងប្រព័ន្ធស្រោចស្រពដែលដែលមានការគ្រប់គ្រង និងសន្សំសំចៃទឹកខ្ពស់ក្នុងកសិដ្ឋាន ដោយទទួលចំណូលដុលស្មើ៣,០២៣,៧០៨ដុល្លារ($២៧៤,៨៨៣ដុល្លារ/វដ្តផលិតកម្ម) នៃសមាជិកក្រុមផលិត និងត្រូវអនុវត្តរយៈពេល៣ឆ្នាំ។
សំណើខាងលើត្រូវបានទទួលការអនុមត្តពីគណៈកម្មការវាយតម្លៃរួចរាល់ហើយ ទោះយ៉ាងណាក្តី មុនពេលចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគនាពេលខាងមុខនេះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគបានចុះជួបសមាជិករបស់សហគមន៍កសិកម្មទឹកហូតមានក្តីសង្ឃឹមដើម្បីបញ្ជាក់អំពីប្រភពថវិក ពិសេសថវិកាបដិភាគរបស់សហគមន៍ចូលរួមជាមួយគម្រោង ។